(កំពង់ឆ្នាំង)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀន ជិត២គីឡូក្រាម។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចមុខ ហាងជំនោរកង្រី ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង និងនៅចំណុចក្រុមហ៊ុនកាពីតូល ផ្លូវជាតិលេខ៥ ភូមិ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ការចុះបង្ក្រាបនេះ ដឹកនាំកម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងចូលរួមសហការ ពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សម្របសម្រួលដោយ លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។

ប្រតិបត្ដិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១គីឡូ ៦៦០.២៨ក្រាម និងទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ឆ្នាំង បន្តតាមនីតិវិធី៕