(តាកែវ)៖ រដ្ឋបាលខេត្ដតាកែវ បានចេញសេចក្ដីសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។
បើតាមសេក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ១៩ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលមានថិរវេលាអនុវត្តរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទ Delta ស្របពេលដែលខេត្តតាកែវ ក៏ជាខេត្តមួយដែលត្រូវអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាត ម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍»
ជាមួយគ្នានេះដែរ រដ្ឋបានខេត្តបន្ថែមថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើសកម្មភាពមុខរបរ អាជីវកម្ម និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ បៀហ្គាឌិន រមណីយដ្ឋាន សួនកម្សាន្តនានា អាជីវកម្មម៉ាស ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ ប្រភេទ រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន អនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានអតិថិជួនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ និងហាមឃាត់រាល់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
បន្ថែមពីនេះទៀត រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី១០នាក់ មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែក្នុងករណីដូចខាងក្រោម៖
* ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅវេន ឬទីសំណាក់ជាមួយគ្នា។
* ការរៀបចំពិធីបុណ្យសពត្រូវគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
* ការជួបជុំរបស់ស្ថាប័នសាធារណៈ។
* ការប្រមូលផ្ដុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោកកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងងារសង្រ្គោះបន្ទាន់ផ្សេងៗ។
* ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
* ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណងផ្សេងៗទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច៕
ខាងក្រោមនេះ ជាសេចក្ដីដម្រេចរបស់រដ្ឋបាលខេត្ដតាកែវ៖