(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានចាត់សហការី ដែលដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកផ្លែមៀនបាត់ដំបង (តាង៉ែន)ចំនួន៦តោន ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ១៩ នៅដឹព្រេមៀ សេនធ័រ សែនសុខ។
ផ្លែមៀនចំនួន៦តោន ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺ នៅដឹព្រេមៀ សេនធ័រ សែនសុខនេះ គឺជាមៀនក្នុងចំណោមចំនួន២១តោន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីយកទៅចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលចំនួន៤កន្លែង។
កាលពីមកម្សិលមិញនេះ ផ្លែមៀនបាត់ដំបងចំនួន៥តោន ក៏បានប្រគល់ជូនក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
សម្រាប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា នឹងបន្តឧបត្ថម្ភផ្លែមៀនបាត់ដំបង (តាង៉ែន) ក្រុមគ្រូពេទ្យ និងអ្នកជំងឺចំនួន២មណ្ឌលថែមទៀតរួមមាន៖
* ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន
* ក្រុមគ្រូពេទ្យ និងអ្នកជំងឺ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានអូឡាំពិក ចំនួន៥តោន
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ប្រជាសិករ ដែលពិបាកលក់ ឬនាំចេញទៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ ហើយផ្លែមៀនទាំង២១តោននេះ ក៏បានយកមកចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលចំនួន ៤ទីតាំងខាងលើនេះផងដែរ៕