(កំពត)៖ រដ្ឋបាលខេត្តកំពត បានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន៣ ពាក់ព័ន្ធការប្រើប្រាស់ថាមពលអគ្គីសនី ដល់សេវាករជំនាញអគ្គិសនី មន្ទីរ ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីឱ្យក្រុមការងារអនុវត្ត និងដោះស្រាយពន្លឿនឱ្យមានថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងតំបន់ដាច់ស្រយាល អាទិភាពលើប្រជាពលរដ្ឋក្រីក្រ មកពីចំនួន៣ឃុំ ក្នុងស្រុកទឹកឈូ។

គោលការណ៍សំខាន់ចំនួន៣នេះ រួមមាន៖

*ទី១៖ ត្រូវបង្កើតក្រុមការងារដែលមានអង្គភាពជំនាញ និងអាជ្ញាធរចូលរួមសហការជាជំហានដំបូង ដើម្បីសិក្សាឱ្យបានលឿនឆាប់រហ័ស។
*ទី២៖ ជំរុញការអនុវត្តន៍ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ យ៉ាងយូរ ដើម្បីដាក់តបណ្ដាញអគ្គិសនី។
*ទី៣៖ យ៉ាងយូរនៅដើមឆ្នាំ២០២២នេះ ឱ្យមានបណ្ដាញអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ បានប្រើប្រាស់ក្នុងមូលដ្ឋាននេះ។

ការដាក់ចេញនូវគោលការណ៍សំខាន់ៗ ចំនួន៣នេះ ខណៈដែលលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ ព្រមទាំងអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីនៃមន្ទីរ អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងជំរុញការដោះស្រាយ តាមសំណូមពរប្រជាពលរដ្ឋ ដែលបានស្នើសុំបញ្ហាកង្វះខាតថាមពលអគ្គិសនីប្រើប្រាស់កន្លងមក ដែលការជួបជុំប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើង នាថ្ងៃទី២០ ខែសីហាឆ្នាំ២០២១នព នៅចំណុចភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានឱ្យដឹងថា គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យអាទិភាព ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ជាវិស័យសំខាន់។ ដូច្នេះ បញ្ហាកង្វះខាត ថាមពលអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងនាមជាអាជ្ញាធរ និងជំនាញ ក៏ដូចជាសេវាករ មិនត្រូវព្រងើយកន្តើយ ដាច់ខាតត្រូវតែរួមសហការគ្នា ជំរុញការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឆាប់បំផុត។

តាមមន្ត្រីសាលាស្រុក បានឱ្យដឹងថា កន្លងមកគ្រួសារប្រជាពលរដ្ឋ ជួបការលំបាកនូវបញ្ហាកង្វះថាមពលភ្លើងអគ្គិសនីប្រើប្រាស់ និងបានស្នើ ដល់ថ្នាក់ដឹកនាំឱ្យជួយអន្តរាគមន៍ដោះស្រាយនោះ ពេលនេះគឺមានប្រជាពលរដ្ឋ រស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំចំនួន៣ សរុបចំនួន៣៦៥គ្រួសារ។ ក្នុងនោះមានគ្រួសារប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ជាគ្រួសារមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយ។ ឯចំណែកគ្រួសារចំនួន១៦៥គ្រួសារទៀត ទើបតែមានបណ្ដាញអគ្គីសនីបានតប្រើប្រាស់ថ្មី ប៉ុន្តែគុណភាពភ្លើងមានការរអាក់រអួល និងខ្សោយទើបសំណូមពរឲ្យបង្កើនគុណភាពបន្ថែម។

បើតាមការលើកឡើង របស់សេវាករជំនាញអគ្គិសនី បានបញ្ជាក់ថា មូលហេតុកង្វះខាតបណ្ដាញអគ្គិសនី តចូលមកក្នុងតំបន់នេះ ដោយសារមានបញ្ហាប្រឈមមួយចំនួន ពីព្រោះតំបន់នេះ ជាតំបន់ដាច់ស្រយាល មានផ្ទះនិងការរស់នៅ របស់ប្រជាពលរដ្ឋភាគច្រើននៅចំការតាមជើងភ្នំដាច់ឆ្ងាយពីគ្នា មានការអភិវឌ្ឍន៍ថ្មីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅមិនទាន់ល្អប្រសើរ។ តែទោះបីយ៉ាងណាជំនាញនិងសេវាករអគ្គិសនី កំពុងសិក្សាគម្រោងនឹងបានសហការគ្នាជំរុញការអនុវត្ត ក្នុងការដាក់បណ្ដាញអគ្គិសនីក្នុងតំបន់នេះយ៉ាងយូរនៅដើម ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានជូននូវឧបករណ៍អគ្គិសនី ប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) សម្រាប់គ្រួសារ ប្រជាពលរដ្ឋ ដែលខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ក្នុងតំបន់នេះ ដោយផ្អែកតាមការស្រង់ស្ថិតិរបស់អភិបាលស្រុកជាក្រោយ៕