(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ តាមរយៈ Fresh News បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តនេះ ដែលបានយកចិត្តទុកដាក់ជួយសង្រ្គោះដល់មន្រ្តីសាលាខេត្តសៀមរាបជាង ២០នាក់ ដែលទៅកម្សាន្តខេត្តព្រះសីហនុ ហើយពុលអាហារ។
លោក ឃឹម ប៊ុនសុង បានកោតសរសើរដល់អាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះសីហនុ ដែលបានបំពេញការងារយ៉ាងសកម្មដើម្បីជួយអន្តរាគមន៍ ក្នុងករណីពុលអាហារនេះ ហើយលោកជំរុញដល់អាជ្ញាធរខេត្តផ្សេងៗទៀតអនុវត្តតាម។
សូមជំរាបថា នៅយប់ថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០១៦ មានករណីពុលអាហារមួយ កើតមានឡើងទៅលើក្រុមមន្រ្តីសាលាខេត្តសៀមរាប ជាង២០នាក់ ក្នុងចំណោមជាង៥០នាក់ ដែលនាំគ្នាទៅដើរលេងនៅក្រុងព្រះសីហនុ ហើយបានចូលញុំអាហារ នៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ លី ហួយ នៅក្នុងក្រុងព្រះសីហនុ ។
សមត្ថកិច្ចក្រុងព្រះសីហនុ បានរាយការណ៍ថា ករណីពុលនេះបានកើនឡើងដល់២១នាក់ ហើយភាគច្រើនជាស្រ្តី។ ក្រោយកើតហេតុមន្រ្តីជំនាញបានចុះទៅពិនិត្យមើល នឹងបានយកទឹកស៊ុប និងសម្លមួយចំនួនទៅពិនិត្យមើល ដើម្បីស្វែងរកមូលហេតុផងដែរ។
ជុំវិញករណីនេះ ស្នងការនគបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះថា កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញរបស់ខេត្ត បាននិងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតចំពោះករណីនេះតែមិនទាន់ដឹងនៅឡើយទេ ។
បើតាមលោកឧត្តមសេនីយ៌ស្នងការមូលហេតុដែលនាំឲ្យមានករណីនេះកើតឡើង ក៏អាចបណ្តាលមកពីក្រុមជនរងគ្រោះ បានជិះទៅលេងកោះ ហើយពេលត្រឡប់មកវិញអាចពុលរលក រួចនាំគ្នាចូលហូបអាហារ ក៏នាំឲ្យកើតហតុការណ៌នេះតែម្តង ។ ប៉ុន្តែយ៉ាងណានោះ នេះគ្រាន់តែការសន្និដ្នានខ្លះៗប៉ុណ្ណោះ រឿងពិតយ៉ាងណានោះគឺ ត្រូវរង់ចាំលទ្ធផល នៃការស្រាវជ្រាវចេញជាផ្លូវការសិន៕