(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំដល់គ្រប់ម៉ាស្ជិទ និងសូរ៉ាវ ត្រូវចាក់ខ្សែអាត់សម្លេងសូត្រអាល់គួរអាន តាមឧឃោសនស័ព្ទបំពងសម្លេងនៅវេលា ម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្នុងគោលដៅជាការដាស់ស្មារតី ដល់សាសនិកឥស្លាម ប្រុងប្រយ័ត្នពីជំងឺកូវីដ១៩។ នេះបើតាមសេចក្តីណែនាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីណែនាំដដែល, គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានណែនាំដល់គណៈអ៉ីម៉ាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៉ីម៉ាំម៉ាស្ជិទ គ្រូបង្រៀន ព្រមទាំងសាសនិកឥស្លាមថា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៧មក គណៈកម្មការជាតិប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) តែងបានសហការជាមួយក្រសួងធម្មការ និងសាសនា មេដឹកនាំសាសនាធំៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកម្មវិធីអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្នុងគោលបំណងបួងសួងឱ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើ ពិភពលោកទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្សដែលជាទាសភាពសម័យទំនើប។
កម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិត្តិយសអានសុន្ទរកថាបើកកម្មវិធីក្រោម ប្រធានបទ «សូមពិភពលោករួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស» (ដែលនឹងថតវីដេអូដោយស្ថានីយទូរទស្សន៍) មុននឹងភ្ជាប់រូបភាពបួងសួងតាមសាសនានីមួយៗ ហើយនឹងត្រូវចាក់ផ្សាយព្រមៗគ្នា គ្រប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ និងឯក ជននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តាញព័ត៌មាន និងបណ្តាញសង្គម។
ដើម្បីញុំាងឱ្យពិធីនេះ បានជ្រួតជ្រាបដល់ស្រទាប់មហាជននៃសហគមន៍ឥស្លាម ក្នុងប្រទេស និងក្រៅប្រទេស គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាម កម្ពុជាសូមធ្វើការណែនាំ គ្រប់ម៉ាស្ជិទ និងសូរ៉ាវ ត្រូវចាក់ខ្សែអាត់សម្លេងសូត្រអាល់គួរអាន តាមឧឃោសនស័ព្ទបំពងសម្លេងនៅវេលា ម៉ោង៦៖០០ នាទី ល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
សូមមេត្តាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣កុំ ៣ការពារ» របស់ សម្តេចតេជោ ហ៊ុន សែន៕