(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្ថិតស្ថេរ រឹងមាំគង់វង្ស និងជាប់ធន់ តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកដំណើរការស្ថានីយជញ្ជីងអចល័តថ្មីមួយទៀត គឺស្ថានីយព្រែកហូរ-រាជធានីភ្នំពេញ ស្ថិតនៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិបត្តាជី សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថាស្ថានីយព្រែកហូរ- រាជធានីភ្នំពេញនេះ នឹងចាប់ផ្តើមដំណើរការថ្លឹងសាកល្បងរថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ និងអនុវត្តវិធានការផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖