(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួន បានប្រាប់អង្គភាព Fresh News នៅព្រលប់នេះថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ លោក និងក្រុមយុវជន-និស្សិត ជាង២០០នាក់ទៀត នឹងហែញត្តិទៅដាក់ញត្តិទៅទាមទារនៅផ្ទះ លោក កឹម សុខា តែម្តង ដើម្បីទាមទារឱ្យបកស្រាយជុំវិញរឿងខ្សែអាត់សំឡេង។
លោក ចំរើន និយាយថា ក្បួនដង្ហែរនៅថ្ងៃស្អែកនេះ នឹងចេញពីមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយចុងក្រោយ តម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិតែម្តង ។
លោក ស្រី ចំរើនបញ្ជាក់ថា «ខ្ញុំនឹងដឹកនាំយុវជននិស្សិត ២០០នាក់ ហែញត្តិពីមុខរដ្ឋសភាពីមុខរដ្ឋសភាទៅដាក់ញត្តិនៅអង្គការសហប្រជាជាតិ និងបន្តទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែក្រោម និងចុងក្រោយបន្តដំណើរទៅផ្ទះលោក កឹម សុខា។ ខ្ញុំដឹកនាំក្រុមយុវជនដាក់ញត្តិនៅពេលនេះដើម្បីស្នើលោក កឹម សុខា ចេញបកស្រាយ រឿងខ្សែអាត់សម្លេង»។
យុវជនរូបនេះ បានបន្តថា គម្រោងនៃការហែញត្តិនៅថ្ងៃស្អែកនេះ គឺរូបលោកបានដាក់លិខិតជូនដំណឹងទៅសាលាក្រុងរួចរាល់ហើយ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ស្រី ចំរើន បានអះអាងថា គម្រោងនៃការហែញត្តិនៅថ្ងៃស្អែក នឹងប្រព្រឹត្តទៅដូចការគ្រោងទុកដោយគ្មានអ្វីប្រែប្រួលឡើយ បើទោះបីគ្មានការឆ្លើយតបពីសាលារាជធានីភ្នំពេញក៏ដោយ ពីព្រោះគម្រោងហែញត្តិនេះលោកបានជូនដំណឹងដល់សាលាក្រុងរួចរាល់ហើយ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ លោក ស្រី ចំរើន និងក្រុមយុវជន១០នាក់ បានដាក់ញត្តិមួយទៀតទៅកាន់រដ្ឋសភា ដោយស្នើឲ្យប្រធានរដ្ឋសភាពន្លឿនកោះហៅលោក កឹម សុខា ចូលបំភ្លឺជុំវិញខ្សែអាត់សំឡេងសន្ទនាជាមួយស្រ្តីម្នាក់។ ក្រុមយុវជនទាំងនោះតែងចេញតវ៉ានៅតាមបណ្តាខេត្តមួយចំនួន នៅពេលគណបក្សសង្គ្រោះជាតិធ្វើវេទិកា ដើម្បីទាមទារឲ្យលោក កឹម សុខា ចូលបំភ្លឺជុំវិញរឿងអាស្រូវផ្លូវភេទជូនសាធារណជនផងដែរ៕