(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រចបិទខ្ទប់ និងកំណត់ភូមិសាស្ត្រស្រុកជាំក្សាន្តជា «តំបន់ក្រហម» រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ បំប្លែងថ្មី Delta។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបន្តបិទខ្ទប់ភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវដ១៩ ជាបណ្តោះអាសន្ន រយៈពេល ០២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (Delta) នៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ស្រុកជាំក្សាន្ត ជា «តំបន់ក្រហម»។
រដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបន្តអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា «តំបន់ក្រហម» មានដូចខាងក្រោម៖
ទី១៖ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាត ឱ្យធ្វើសកម្មភាពកីឡា នៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល «តំបន់ក្រហម» អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចខាងក្រោម៖
*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីតាំងជិតបំផុតក្នុង «តំបន់ក្រហម» តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមាន៍សមត្ថកិច្ចអត្តវិធានការនានា ក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម។
*ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាថ្មីអត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម
*ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជនដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួន និងលិខិតបញ្ជាបេសកកម្មការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាតការផ្គត់ផ្គង់ស្បៀង និងសេវាប្រៃសណីយ៍ទូរគមនាគមន៍។
*ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល នៅក្នុង ឬចេញ-ចូល ក្នុង «តំបន់ក្រហម» ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច។
ទី២៖ ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដូចខាងក្រោមនេះ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖
*សេវាពន្លត់អគ្គីភ័យសេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកប្រៃសណីយ៍ទូរគមនាគមន៍
*សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជន ដោយរួមទាំងឱសថស្ថាន
*ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ
*សេវាប្រមូល និងដឹកជញ្ជូនសំរាម
*សេវាផ្គត់ផ្គង់ឱសថ និងបរិក្ខាពេទ្យ
ទី៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់ដូចខាងក្រោម៖
*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នាការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
*ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ការយកសំណាក មកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី
*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
និងទី៤៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖