(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ហ៉ីង សុខលាភ នៅថ្ងៃទី២០ ខែសីហា ឆ្នាំនេះ បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយទិញផ្លែមៀន ពីប្រជាកសិករចំនួន ២០តោន ដើម្បីចែកជូនកងទ័ព អាវុធហត្ថ នគរបាល ប្រជាពលរដ្ឋ ពលករ នៅតាមមណ្ឌលចត្តាឡីស័ក អ្នកជំងឺ ព្រមទាំងក្រុមគ្រូពេទ្យ ដើម្បីចូលរួមទុក្ខលំបាកជួយដោះស្រាយជូនប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានបន្តអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែន ផ្ទាល់តែម្តង ដើម្បីបន្តទិញពីកសិករនៅ ស្រុករុក្ខគីរី ដែលមានចំងាយប្រមាណ៧០គីឡូម៉ែត្រ ពីខេត្តបាតដំបង ដើម្បីប្រមូលទិញពីកសិករម្ចាស់ចំការផ្ទាល់តែម្តង ដោយមិនរង់ចាំទិញនៅទីតាំងតារាងបាល់ទាត់បែកចាយ ទីរួមខេត្តទៀតឡើយ ពោលគឺដើម្បីចង់រកកសិករម្ចាស់ចំការពិតប្រាកដ ដែលកំពុងជួបបញ្ហាទីផ្សារលក់។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។

តាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញ ពីប្រជាពលរដ្ឋ បានធ្វើឲ្យអ្នកដាំដុះមៀន សម្តែងការសប្បាយចិត្តជាពន់ពេក៕