(ភ្នំពេញ)៖ បន្ទាប់ពីដណ្ដើមបានមេដាយ ៥គ្រឿង (មាស៤ និងប្រាក់១) ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ Mekong Good Will Games លើកទី១២ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅ នាថ្ងៃទី២៨ ខែមីនានេះ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំកម្មវិធីផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដែលជាថវិកាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានសហព័ន្ធតែម្ដង ។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យលាភីពីការប្រកួតកីឡាថ្នាក់តំបន់នេះ បានធ្វើឡើងនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក លី កុសល រួម ទាំងមន្ដ្រីសហព័ន្ធ ក្រុមហ៊ុនសហការ និងកីឡាករ-កីឡាការិនី កីឡាវាយសីជាច្រើននាក់ទៀត ។
ប្រាក់រង្វាន់ដែលប្រធានសហព័ន្ធផ្ដល់ជូនអត្តពលិកដណ្ដើមជ័យលាភីជូនជាតិនោះរួមមាន៖ កីឡាករ ទេព ចាន់ម៉ារ៉ា និងកីឡាការិនី កែវ ពេជ្រឆរ៉ាវី ឈ្នះមេដាយមាសលើវិញ្ញាសាវាយទោល ទទួលបានក្នុងម្នាក់ ១,៥០០,០០០រៀលដូចគ្នា រីឯវិញ្ញាសាវាយគូបុរស និងវាយគូបុរស-នារី ឈ្នះមេដាយមាសដូចគ្នា គឺទទួលបានប្រាក់រង្វាន់ក្នុង១វិញ្ញាសា ២លានរៀល និងវិញ្ញាសាវាយគូនារី ឈ្នះមេដាយប្រាក់ ទទួលបាន ១,៦០០,០០០រៀល ។
លោក លី កុសល បានមានប្រសាសន៍ថា ជោគជ័យលើកនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីភាពរីកចម្រើននៃកីឡាវាយសី កម្ពុជា ដែលជាក្ដីសង្ឃឹមឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ។ ហេតុនេះកីឡាករ-កីឡាការិនីគ្រប់រូប ត្រូវបន្ដការខិតខំបន្ថែម ដើម្បីឈានទៅដណ្ដើមយកមេដាយក្នុងការប្រកួតថ្នាក់តំបន់ជាផ្លូវការ ពិសេសកីឡា SEA Games ដើម្បីលើកកិត្តិយសជាតិ និងឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។
អ្វីដែលរឹតតែត្រូវយកចិត្តទុកដាក់ទៀតនោះ គឺគោលដៅ SEA Games-2023 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រាល់មន្ដ្រី សហព័ន្ធ ត្រូវយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានវ័យក្មេង តាមក្លឹប ឬតាមសាលារៀនជាដើម ដែលជា កន្លែងសម្បូរដោយធនធាន ដើម្បីប្រកួតប្រជែងស្វែងរកមេដាយជូនជាតិលោក លី កុសល បន្ថែម ។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា រៀបចំផ្ដល់ប្រាក់រង្វាន់ដល់អត្តពលិក ដណ្ដើមបានជ័យលាភីពីការប្រកួតលក្ខណៈអន្ដរជាតិ នៅថៃនេះដែរ ក៏មានក្រុមហ៊ុនដៃគូមួយចំនួន បានចូលរួមឧបត្ថម្ភ ដែរគឺមានបណ្ណាគារ IBC, ក្រុមហ៊ុន VM Multi-Trading និងក្រុមហ៊ុនកសិកម្មលោក តាំង ប៊ុនឆង ជាពិសេសគឺក្រុម ហ៊ុន MIZUNO ដែលបានឧបត្ថម្ដអ្នកដណ្ដើមបានមេដាយមាស ក្នុង១វិញ្ញាសា ៥០០ដុល្លារ និងមេដាយប្រាក់ចំនួន ៣០០ដុល្លារទៀតផង ៕