(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៨៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ២៨នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត បានប្រកាសឱ្យដឹងថា អ្នកជំងឺដែលបានរកឃើញថ្មីនេះ ករណីទី១ ដល់ទី២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី៣ ដល់ករណីទី២៨ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី២៩ ដល់ករណីទី៣២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង និងករណីទី៣៣ ដល់ករណីទី៤៩ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ។

ដោយឡែកករណីទី៥០ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈួក ករណីទី៥១ ដល់ករណីទី៥៦គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ពីអាជីវករទៅទិញផ្លែឈើ និងគ្រឿងសមុទ្រពីផ្សារបានឡែម និងឆ្លងបន្តពីសពឈ្មោះ ហួន ហ៊ុន។ ករណីទី៥៧ ដល់ទី៨៥ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ។

អ្នកជាសះស្បើយទាំង ២៨ នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦,៨២៩នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ៥,០៤១នាក់ ស្លាប់ ៧៥នាក់ និង ១,៧១៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕