(ភ្នំពេញ)៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឱ្យលោករដ្ឋមន្រ្តី ថោង ខុន បានលើកឡើងថា ភ្ញៀវទេសចរអាហ្វ្រិចខាងត្បូង មកកម្សាន្តនៅប្រទេសកម្ពុជា បានកើនឡើង យ៉ាងខ្ពស់រហូតដល់២០ភាគរយ នៅឆ្នាំកន្លងទៅនេះ។
លោក ទិត ចន្ថា បានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី Ruby Marks ឯកអគ្គរដ្ឋទូត អាហ្វ្រិចខាងត្បូងប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងបាងកក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។
លោករដ្ឋលេខាធិការ បានអះអាងថា ដោយកំណើនភ្ញៀវទេសចរ មកពីអាហ្រ្វិចខាងត្បូង បានហក់ខ្ពស់ គួរឲ្យកត់សម្គាល់ដូច្នេះ ភាគីទាំងពីរមានបំណងពង្រីកសហប្រតិបត្តិការ កាន់តែជិតស្និទ លើវិស័យទេសចរណ៍ ដើម្បីអូសទាញភ្ញៀវទេសចរ ពីអាហ្វ្រិចខាងត្បូងមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត។ ផ្តើមពីនោះក៏នឹងជំរុញផងដែរនូវអ្នកវិនិយោគលើវិស័យទេសចរណ៍។
តួលេខដែលបង្ហាញដោយ មន្រ្តីទេសចរណ៍រូបនេះ បានឱ្យដឹងថា ឆ្នាំ២០១៥ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៤,៧លាននាក់ ក្នុងកំណើនជាង៦% ហើយរំពឹងថា ឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរជាតិជាង៥លាននាក់ ក្នុងកំណើន៦ទៅ៧% ។ ភ្ញៀវទេសចរមកពីអាហ្វ្រិចខាងត្បូង ប្រមាណ៦ពាន់នាក់ ក្នុងកំណើនជាង២២% បើធៀបនឹង ឆ្នាំ២០១៤។
លោករដ្ឋលេខាធិការ បានស្នើឲ្យមានការផ្សព្វផ្សាយ ដោយទូលំទូលាយ អំពីសក្កានុពលទេសចរណ៍ នៅកម្ពុជា ព្រមទាំងជំរុញឲ្យមានការហោះហើរដោយត្រង់ពីអាហ្វ្រិចខាងត្បូងមកកម្ពុជា។
លោកស្រី Ruby Marks បានថ្លែងនូវការចាប់អារម្មណ៍ចំពោះ ដំណើរការរីកចម្រើនយ៉ាងលឿន ផ្នែកវិស័យទេសចរណ៍នៅកម្ពុជា។ លោកស្រី ក៏ចង់បានបទពិសោធន៍ នៃការគ្រប់គ្រងតំបន់ ដ៏មានសក្កានុពលធំៗ លើវិស័យទេសចរណ៍ គ្រាដែលកម្ពុជាទទួលបាន ជោគជ័យលើការគ្រប់គ្រង កន្លងមក៕