(ភ្នំពេញ)៖ ដោយមានការយកចិតទុកដាក់ខ្ពស់ពី នាយឧត្ដមសេនីយ៍លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦នេះ បានចាត់តាំងឲ្យក្រុមកម្លាំងមន្ត្រីគ្រូពេទ្យ នៃការិយាល័យសុខាភិបាលរាជធានីភ្នំពេញចុះពិនិត្យ និងព្យាបាលជូនកងនគរបាលខណ្ឌឬស្សីកែវដោយឥតគិតថ្លៃ។ យុទ្ធនាការនេះដឹកនាំដោយ លោកវរសេនីយ៍ទោ សៀន សារ៉ាវុធ នាយការិយាល័យសុខាភិបាល ព្រមទាំងបានផ្ដល់ឱសថ ជូនកងកម្លាំងសមត្ថកិច្ចទូទាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវផងដែរ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវការណែ នាំនិងយកចិតទុកដាក់ពីនាយឧត្ដមសេនីយ៍លោក ជួន សុវណ្ណ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យព្យាបាលជម្ងឺ និងផ្ដល់ឱសថជូនកងកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ដោយឥតគិតថ្លៃ ហើយការងារនេះ នឹងធ្វើឡើងជាបន្តបន្ទាប់តាមបណ្ដាខណ្ឌទាំង១២ ទូទាំងរាជធានីភ្នំពេញតែម្ដង។ មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងការត្រួតពិនិត្យព្យាបាលជម្ងឺផ្សេងៗរួមមាន៖ ចុចពោះ ឈឺសសៃ ឈឺភ្នែក លើសជាតិអាស៊ីត ឈឺសន្លាក់ ឈឺក្បាលវិលមុខ គ្រុនផ្ដាសាយ ក្អកមាន់ អស់កម្លាំង រាក គ្រុនក្ដៅ ឈឺក្រពះ គ្រុនពោះវៀន រលាកបំពង់ក លើសឈាម និងវាស់សម្ពាតឈាម ព្រមទាំងបានផ្ដល់ជូននូវប្រេងកូឡា ប្រេងខ្យល់ និងបំពង់ហឺតជូនដល់កងកម្លាំងសមត្ថកិច្ចថែមទៀតផង។ ទន្ទឹមនេះ កម្លាំងក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាល រាជធានីភ្នំពេញបានផ្ដល់ឱសថ និងបរិក្ខាពេទ្យមួយចំនួន ជូនដល់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវទាំងមូលដើម្បីទុកប្រើប្រាស់ក្នុងអង្គភាពតទៅមុខទៀត៕