(ឧត្តរមានជ័យ)៖ គិតត្រឹមម៉ោង៥៖៣០នាទី រយៈពេល១ថ្ងៃពេញ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ មានពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់មានចំនួនជិត៤០០នាក់ ពលករទាំងអស់ត្រូវបានក្រុមការងារ កំពុងមមាញឹកយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនពលករដែលធ្វើចំណាក់ស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់។
ក្នុងឱកាសនោះដែរ លោក ប៉ែន កុសល្យ ក៏បានបន្តអំពាវនាវដល់ពលករដែលធ្វើចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ត្រូវគោរពនឹងអនុវត្តន៍ឱ្យបានទៀងទាត់ តាមវិធានការនានា របស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ក្រុងការងារចម្រុះប្រចាំនៅច្រកទ្វារ ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោក ប៉ែន កុសល្យ បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ត្រីសុខាភិបាល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរនាពេលកន្លងមក ពិសេសលើការគ្រប់គ្រងមើលថែបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ។
ជាមួយគ្នានេះ លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងអំពាវនាវដល់ពលករ ក៏ដូចជាប្រជាពលរដ្ឋ ទាំងអស់សូមចូលរួមជាមួយអាជ្ញាធរ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់់ខ្ជួន ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៃប្រទេសកម្ពុជាទាំងមូល៕