(ប៉ៃលិន)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន តំណាងឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាទិញផ្លែមៀនប៉ៃលិន ជាង១០តោន ពីប្រជាកសិករ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ ដើម្បីចូលរួមលើកស្ទួយការទិញផល្លានុផលក្នុងស្រុក និងគាំទ្រដំណាំខ្មែរ ក្រោមស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ការទិញផ្លែមៀននេះ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានចូលរួមជួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៤០លានរៀលផងដែរ នៅក្នុងរដ្ឋបាលខេត្តប៉ៃលិន។ ប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចតេជោ ហ៊ុន សែន ចំពោះការយកចិត្តទុកដាក់ជួយពួកគាត់ ជាពិសេសនៅក្នុងគ្រាដ៏លំបាកនេះ។
សូមបញ្ជាក់ថា ស្របពេលដែលប្រជាកសិករ ដល់រដូវប្រមូលផលផ្លែមៀន និងតាង៉ែន នាតំបន់ក្បែរព្រំដែនកម្ពុជា-ថៃ មិនអាចនាំផលិតផលចេញទៅប្រទេសជិតខាងបាន ដោយសារតែវិបត្តិកូវីដ១៩ រាតត្បាតខ្លាំង នឹងកំពុងជួបការលំបាក ក្នុងការរកទីផ្សារលក់ចេញ ដែលយោងតាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មានប្រមាណជា ៥ម៉ឺនតោននោះ កំពុងត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ប្រមូលទិញ ក្នុងតម្លៃមួយសមរម្យផងដែរ។
ប៉ុន្តែការប្រមូលទិញនេះ គឺសំដៅដល់កសិករក្រីក្រ ដែលដាំដុះដោយផ្ទាល់ មិនមែនសម្រាប់ម្ចាស់ដី ដែលមានចំការមៀនច្រើនឡើយ ពោលគឺបើជាចម្ការមៀនរបស់មន្ត្រីទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង៕