(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមេដឹកនាំដែលមានភាពជាបុរសចំនួន៥ចំណុច ហើយបច្ចុប្បន្ននេះ កម្ពុជាមិនទាន់រកបុរសណាអាចមកជំនួសបានទេ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះ ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «កម្ពុជា នៅចន្លោះមហាអំណាចចិន និង សហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងតាមប្រព័ន្ធកម្មវិធីZoom នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសន្ទរកថារបស់ខ្លួន លោក សុខ ទូច បានបញ្ជាក់ដូច្នេះថា៖ «សម្តេចនាយក គាត់មានភាពជាបុរស៥ គឺជាបុរសដែលកាន់អំណាចយូរ, បុរសដែលចេះភាពទន់ភ្លន់នៅក្នុងនយោបាយការបរទេស, បុរសដែលចេះដោះស្រាយបញ្ហាចំពោះមុខប៉ុន្តែប្រើរយៈពេលវែងដើម្បីឈ្នះ និងជាបុរសដែលចេះប្រើប្រាស់ប្រទេសឲ្យគេចផុតអំពីសង្រ្គាម»។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់បន្ថែមថា ការលើកឡើងបែបនេះ មិនមែនលោកលើកឡើងក្នុងពេលដែលលោកកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជានោះទេ ប៉ុន្តែលោកបានលើកឡើងតាំងពីលោក នៅជាអ្នកវិភាគនយោបាយឯករាជ្យម្ល៉េះ។
ទន្ទឹមនឹងការកោតសរសើរភាពជាកំពូលបុរសរបស់សម្តេច តេជោ លោកបណ្ឌិត សុខ ទូច ក៏បានសម្លឹងមើលឃើញកម្ពុជា នៅឆ្នាំក្រោយនេះនិងក្លាយទៅជាប្រធានអាស៊ាន ដោយសារកាយវិការនយោបាយការទូតពីរចំណុចសំខាន់ៗរបស់សម្តេចតេជោ មិត្តល្អ និង ជួយគ្នាក្នុងគ្រាក្រ៕