(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែអនុញ្ញាតឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ដាក់វិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការច្បាប់តាមស្ថានភាពជាក់ស្តែង។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
កន្លងមកនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ និង បន្តអនុវត្តនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំង ប្រទេស រយៈពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេស ក្នុង យុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ជារួម ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹងនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងប្រទេស រយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលវិជ្ជមាន ដោយបានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាល ទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្តែង, ការវិវត្តសភាពការណ៍ ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បង្ហាញថា អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ និងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មានទិន្នាការថេរ ហើយ ទន្ទឹមនេះ អត្រាអ្នកជាសះស្បើយក៏មានការកើនឡើង បើទោះបីជាមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងរាលដាលក្នុងសហគមន៍ក្នុងចំនួនកាន់តែច្រើនឡើងៗ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ២៣ រាជធានី-ខេត្ត ក្តី។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ជាមួយនឹងការរកឃើញជាបន្តបន្ទាប់ក្នុងចំនួនច្រើន និងនៅស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស, លទ្ធភាពនៃឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងពេលខាងមុខនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) នេះ នៅបន្តជាបញ្ហាប្រឈមចំពោះមុខដ៏គួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជា។ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៤ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១, ការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” ត្រូវបញ្ចប់នៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២១ នេះ។ ប៉ុន្តែ ដោយសារការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការនៅទូទាំងប្រទេស ក្នុងរយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ក្នុងការជួយទប់ស្កាត់បានមួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ហើយវិធានការទាំងនេះក៏មិនបានធ្វើឱ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន, រាជរដ្ឋាភិបាល យល់ឃើញថា វិធានការទាំងនេះនៅតែជាវិធានការគន្លឹះ និងមានភាពចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវដ-១៩ ជាពិសេស ក្នុងបរិបទនៃការឆ្លងរាលដាលនៃមេរោគប្រភេទ Delta ក្នុងសហគមន៍។
រាជរដ្ឋាភិបាល បញ្ជាក់ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្តា រាជធានី-ខេត្តនីមួយៗ មានលក្ខណៈខុសៗគ្នា, ដូច្នេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេសតាម កាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ និងសូមធ្វើការណែនាំដល់បណ្តាគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្ដឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមាន ការពាក់ព័ន្ធ៕