(កណ្ដាល)៖ ពីខេត្តកណ្ដាលនាព្រឹកមិញនេះមានមិត្តអ្នកអានមួយក្រុម បានទូរស័ព្ទមកសុំឲ្យ Fresh News ជួយផ្សាយជំរាបជូនទៅអភិបាលក្រុងតាខ្មៅ និងអភិបាលខេត្តកណ្ដាល សូមជួយចុះទៅមើលដេប៉ូខ្សាច់ដែលគេបូមពីទន្លេ យកមកចាក់គរនៅគល់ស្ពានព្រែកសំរោង ប៉ែកខាងលិច ដើម្បីដឹកតាមរថយន្តយកទៅលក់បន្ត ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់អ្នកជិតខាង និងអ្នកធ្វើដំណើរឆ្លងកាត់មុខដេប៉ូខ្សាច់នេះយ៉ាងខ្លាំង។
មិត្តអ្នកអានបានអះអាងថា រាល់ថ្ងៃដេប៉ូខ្សាច់ខាងលើក្រៅពីបូមខ្សាច់យកមកគរទុក ពេលស្ងួតហុយផ្អោងទៅលើផ្ទះអ្នកជិតខាង និងហុយកំពប់ហៀរហូរពេញផ្លូវនោះ គឺក្រុមអ្នកបើករថយន្តដឹកខ្សាច់មានចរិតជម្លើយទៀត។ រាល់រថយន្តដឹកខ្សាច់របស់ពួកគេបើកបរចេញចូល និងបើកនៅលើដងផ្លូវមិនដែលគោរពសិទ្ធិអ្នកធ្វើដំណើរម្ដងណាឡើយ។ ពេលខ្លះត្រូវបត់គឺបត់យកតែម្ដង ពេលខ្លះរថយន្ត ឬម៉ូតូអ្នកដំណើរបើកមកដល់មានអាទិភាពទៅមុន គឺរថយន្តដឹកខ្សាច់បើកចេញកាត់មុខ អាងតែរថយន្តរបស់ខ្លួនធំ ធ្វើឲ្យអ្នកដំណើរជាន់ហ្វ្រាំងខ្លះដួលរលាត់ដៃជើងទៀតផង បើទោះជាមិនទាន់ជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតក៏ដោយ។ បើនិយាយពីរថយន្តពេលដឹកខ្សាច់ចេញវិញ អ្នកបើកបរមិនបានគ្របឲ្យបានត្រឹមត្រូវនោះទេ បើខ្សាច់សើមហូរទឹកធ្លាក់គ្រាប់ខ្សាច់រោយហូរហែពេញផ្លូវ ពេលខ្សាច់ស្ងួតហុយងងឹតមេឃក៏មានដែរ ដោយដេប៉ូនេះគេឃើញបើកធ្វើអាជីវកម្មពីរបីឆ្នាំហើយ គ្មានញញើតអ្នកណានោះទេ។
មន្ត្រីមូលដ្ឋានមួយរូបដែល Fresh News ទូរស័ព្ទទាក់ទងសាកសួរព័ត៌មាន ពីករណីប្រជាពលរដ្ឋប្រតិកម្មរឿងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានមន្ត្រីរូបនោះបដិសេធមិននិយាយអ្វីនោះឡើយ ដោយគ្រាន់តែគាត់លើកឡើងថា មន្ត្រីកំប៉ិកកំប៉ុកដូចរូបគាត់ធ្វើម៉េចហ៊ានទៅប្រាប់ ហ៊ានទៅណែនាំគេទៅ បើគេហាឡើងខ្នងគេសុទ្ធតែផ្កាយសុទ្ធតែលោកខែឯណោះ។ ដូច្នេះគេថាមានតែអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ទេដែលអាចមានសិទ្ធិទៅនិយាយជាមួយម្ចាស់ដេប៉ូបាន ហើយខ្សាច់ដែលគេបូមយកមកស្តុកទុកលក់នេះ ក៏មិនដឹងមានច្បាប់ឬអត់នោះដែរ៕