(ភ្នំពេញ)៖ ការបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសរបស់អតីតក្រុមប្រឆាំង មិនទទួលបានការគាំទ្រឡើយ សម្រាប់នយោបាយកម្ពុជា ដោយសារហេតុផល៣យ៉ាងសំខាន់ៗ។ នេះបើតាម លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានលើកឡើង នៅក្នុងកិច្ចពិភាក្សាតុមូល «កម្ពុជា នៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលដែលបង្កើតក្រៅប្រទេសដែលមិនមានការគាំទ្រ គឺមាន៣ចំណុចរួមមានទី១៖ ច្បាប់អន្តរជាតិ អត់អាចរដ្ឋាភិបាលមួយដែលគេបោះឆ្នោតហើយ ឱ្យទៅបង្កើតរដ្ឋាភិបាល និរទេសទេស មិនអាចដាច់ខាត, ទី២៖ អាស៊ាន អញ្ចឹងបើយកដីថៃ យកដីម៉ាឡេ ឬដីណាក៏ដោយ គឺអត់បានដែរ គឺជាប្រទេសអ្នកខុស និងជាការរំលោភអធិបតេយ្យ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយទៀត និងទី៣៖ សូមអ្នកមើលរដ្ឋធម្មនុញ្ញ មានអ្នកសម្ភាសជាច្រើន មានអ្នកនយោបាយជាច្រើនតែងតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស...! រដ្ឋាភិបាលមួយ គឺមានរដ្ឋធម្មនុញ្ញ គេមិនដែលយកសន្ធិសញ្ញាមួយដែលរលាយបាត់ហើយ នៅពេលដែលមានរដ្ឋាភិបាលមួយ មិនអាចប្រទេសមួយមានរដ្ឋធម្មនុញ្ញ២នោះទេ»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកូកប្រកាសអំពាវនាវតាមបណ្តាញសង្គម Facebook ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលខុសច្បាប់មួយ ដោយអះអាងថា យកលំនាំតាមប្រទេសមីយ៉ាន់ម៉ា ដែលកំពុងផ្ទុះជម្លោះផ្ទៃក្នុងរយៈពេលជិតកន្លះឆ្នាំមកហើយ។ ការប្រកាសគៀរគរបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ បានធ្វើឡើង២ឆ្នាំ ក្រោយពេលលោកបរាជ័យ ក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនោះលោកបានអំពាវនាវឱ្យកងទ័ពងើបបះបោរប្រឆាំងរដ្ឋាភិបាល បណ្តាលឱ្យមានសកម្មជនជាច្រើននាក់ត្រូវបានចាប់ខ្លួន។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន ទេ សម្រាប់ខ្ញុំវិញ ខ្ញុំអាក្រក់ជាងហ្នឹងទៀត ម៉េចបានអាក្រក់ យើងនិយាយអំពីប្រជាធិបតេយ្យ បានបើកវេទិកាឱ្យចូលមកប្រកួតប្រជែង ទី១៖ អ្នកបាននិយាយថា “ដេកផ្ទះឈ្នះស្អាត” បើអ្នកឯងឈ្នះស្អាតហើយ អ្នកឯងចាញ់ស្អាតហើយយកទៅបង្កើតយ៉ាងម៉េច? ទី២៖ ថ្ងៃទី០៩ ខែវិច្ឆិកា អ្នកឯងនិយាយថា “មកចាប់ ហ៊ុន សែន” មកចាប់យ៉ាងម៉េចរដ្ឋាភិបាលស្របច្បាប់ រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត បើចាប់ ហ៊ុន សែន បានអាហ្នឹង បានន័យថាវាចប់ហើយ មិនបាច់និយាយថាប្រជាធិបតេយ្យអីទៀតទេ អញ្ចឹងរដ្ឋាភិបាលក្រៅប្រទេសគ្មានប្រទេសណាមួយគាំទ្របានទេ»។
ក្នុងនាមជាបញ្ញវន្តមួយរូប លោក សុខ ទូច បានក្រើនរំឮកដល់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅស្រុក ព្រមទាំងអ្នកនយោបាយទាំងអស់ សូមមើលប្រវត្តិសាស្ត្ររបស់កម្ពុជា បានឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលក្នុងគ្រោះមហន្តរាយដូចអតីតកាល៕