(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចាត់សហការី ដែលដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកផ្លែមៀនបាត់ដំបង (តាង៉ែន) ចំនួន២១តោន ដែលទិញពីប្រជាកសិករនៅខេត្តបាត់ដំបង យកទៅចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យ និងកន្លែងព្យាបាលចំនួន៤កន្លែង។

ក្នុងនោះ ផ្លែមៀនបាត់ដំបង ចំនួន៥តោន បានប្រគល់ជូនក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី១៩ ខែសីហានេះរួចរាល់ និងផ្លែមៀនចំនួន១៦តោនទៀត នឹងដឹកមកភ្នំពេញជាបន្តបន្ទាប់ ដើម្បីចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺចំនួន៣មណ្ឌលថែមទៀតរួមមាន៖

* ក្រុមគ្រូពេទ្យស័្មគ្រចិត្តសម្តេចតេជោ (TYDA) និងអ្នកជំងឺកូវីដ-១៩ ចំនួន ៦តោន
* ក្រុមគ្រូពេទ្យ បុគ្គលិក និងអ្នកជំងឺ នៃមន្ទីរពេទ្យជ័យជំនះ ចំនួន៥តោន
* ក្រុមគ្រូពេទ្យ និងអ្នកជំងឺ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានអូឡាំពិក ចំនួន៥តោន

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចទិញផ្លែមៀន ចំនួន២១តោន ពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ប្រជាសិករ ដែលពិបាកលក់ ឬនាំចេញទៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩ ហើយផ្លែមៀនទាំង២១តោននេះ ក៏បានយកមកចែកជូនក្រុមគ្រូពេទ្យ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលចំនួន ៤ទីតាំងខាងលើនេះផងដែរ៕