(បាត់ដំបង)៖ ជាថ្មីម្តងទៀតលោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានកោតសរសើរចំពោះភាពអង់អាចក្លាហាន របស់កងកងទ័ពទាំងអស់ ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពារជាតិមាតុភូមិ និងប្រជាជនបានសេចក្តីសុខ រហូតដល់ពេលនេះ។ លោកបានគូសបញ្ជាក់ថា «បើគ្មានវត្តមានកងទ័ពទេ យើងនឹងប្រយុទ្ធគ្នារហូតមដល់ថ្ងៃនេះ»។
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារយោធិន នៃកងពលថ្មើរជើង៥៣ ជាអង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានរតនាគារជាតិ។
មន្រ្តីយោធាជាន់ខ្ពស់រូបនេះ បានលើកឡើងថា ការចូលរួមរបស់កងទ័ព គឺមានសារសំខាន់ណាស់ ចំពោះសុខសន្តិភាព និងស្ថេរភាពជាតិតាំងពីការរំដោះ ប្រទេសរហូតដល់ការកសាង និងសម្រេចបានជោគជ័យនូវសុខសន្តិភាពពេញលេញ ដោយសារគោលនយោបាយ ឈ្នះឈ្នះ និងការចូលរួមរបស់កងទ័ពនៅក្នុងអនុវត្តគោលនយោបាយឈ្នះឈ្ននេះ ហើយបើគ្មានការចូលរួមរបស់កងទ័ពនៅក្នុងការថែរក្សានេះទេយើង នៅតែប្រយុទ្ធគ្នាមកដល់ម៉ោងនេះ ហើយយើងក៏មិនបានសុខដែរ ហើយតទៅមុខទៀត យើងនៅបន្តការពារសុខសន្តិភាពនេះ ដែលត្រូវធ្វើជាប់ជាប្រចាំ។
កូនប្រុសច្បងរបស់ សម្តេចនាយករដ្ឋមន្រ្តី ដ៏ពេញនិយមនេះបានបញ្ជាក់ថា «យើងមានសុខសន្តិភាពមានថ្ងៃនេះ គឺជាសំណាង ប៉ុន្តែមិនមែនចៃដន្យទេ គឺវាកើតឡើងដោយសារចូលរួមការពាររបស់សមត្ថកិច្ច គ្រប់ផ្នែកទាំងអស់ ហើយនៅក្នុងនោះ គឺមានការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធយើង បានចូលរួមសំខាន់ណាស់ ហេតុនេះសម្តេចតេជោ បានយកចិត្តទុកដាក់ណាស់ និងជួយជម្រុញការងារផ្សេងៗ ដើម្បីជួយដល់កងទ័ពរបស់យើង មានទាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់អាវុទ្ធយុទ្ធភ័ណ្ឌ ក៏ដូចជាការលើកស្ទួយកំរិតជីវភាព របស់កងទ័ពការហ្វឹកហ្វឺនការចងសម្ព័ន្ធមេត្រីភាព និងជួយដល់គ្រួសារកងទ័ព»។
លោកបន្តថា ការចងសម្ព័ន្ធមេត្រីភាព គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ដែលជាផ្នែកមួយដើម្បីជួយដល់កងទ័ពក្នុងការការពារជាតិ និងបង្កឱកាសឱ្យមានរីកចម្រើន។ ដូច្នេះការជួយដល់កងទ័ព គឺជាកាតព្វកិច្ចរបស់ប្រជាជនយើង និងកងទ័ពការពារជាតិដើម្បីយើងទាំងអស់គ្នា។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានខិតខំពុះពាររុញ ឱ្យចេញជាគោលនយោបាយចងសម្ព័ន្ធមេត្រីភាព និងការជួយផ្សេងៗ របស់យើងទាំងអស់គ្នា។
តាមពិតយើងជួយគ្នាតាំងពីយូរមកហើយ ពេលណាមានការលំបាកយើង មានប្រជាជនជួយដល់កងទ័ពនៅជួរមុខ ហើយកងទ័ពជួរមុខបំពេញភារកិច្ច ដើម្បីការពារអ្នកនៅខាក្រោយ។ លោកបានបញ្ជាក់ថា «យើងធ្វើការរួមគ្នាដើម្បីការពារជាតិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងលើកស្ទួយជីវភាពរស់នៅ របស់កងទ័ព យោធិនចូលនិវត្តតាមរយៈការតម្លើងប្រាក់របបផ្សេងៗ និងសមាគមអតីតយុទ្ធជន ដើម្បីជួយសម្រួលកម្រិតជីវភាព របស់យោធិន ហើយយើងបង្កើតយន្តការនេះ មិនសម្រាប់តែថ្ងៃនេះទេ គឺយើងធ្វើទៅមុខទៀតដើម្បីថ្លែងអំណរគុណ យោធិនរបស់យើង ក្នុងការការពារសុខសន្តិភាពនិងស្ថេរភាពសង្គម»។ នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីលោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ៕