(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការជួរមុខ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ប្រភេទអាស្ត្រាហ្សេនីកា នៅមន្ទីរពេទ្យបង្អែកខេត្តខេត្តកំពត។
ក្នុងដំណើរការចាក់វ៉ាក់សាំងដូសទី៣ ខាងលើលោក ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទូទៅ កងកម្លាំង និងមន្ត្រីរាជការកន្លងមក។ ជាក់ស្តែងថ្ងៃនេះបន្តចាក់ជូនដល់មន្ត្រីរាជការជួរមុខ របស់សាលាខេត្តកំពត ដោយមិនគិតអំពីការនឿយហត់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
លោក ជាវ តាយ បានបន្តថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ពិសេសក្នុងបរិបទកូវីដ១៩ ដ៏សែនលំបាកនេះ។
ក្រៅពីការដាក់ចេញនូវវិធានការ ចំណាត់ការ បទបញ្ជាក៏ដូចជាសាចរណែនាំជាច្រើន ដើម្បីបង្កាទប់ស្កា់ត់ការឆ្លងរីករាលដាល់ជងឺកូវីដ១៩ សម្តេចបានខិតខំប្រើអស់លទ្ធភាព គ្រប់មធ្យោបាយ ដើម្បីស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់។
ជាក់ស្ដែងនៅពេលនេះ សម្ដេចតេជោ បានផ្ដល់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកា ដូសទី៣ ឬដូសជំរុញ សម្រាប់ចាក់ជូនដល់ក្រុមគ្រូពេទ្យរដ្ឋ និងឯកជន ថ្នាក់ដឹកនាំមន្ត្រីរាជការជួរមុខ ចំនួន១០,១៤៤ដូស បន្ថែមទៀត បន្ទាប់ពីជំហ៊ានដំបូង បានចាក់ជូនក្រុមគ្រួសារអតីតយុទ្ធជន ចំនួនប្រមាណ ៤,២៣៨ដូស រួចមក។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ពលរដ្ឋ កងកម្លាំង និងមន្ត្រីរាជការ ដែលបានចាក់វ៉ាក់សាំងដុសទី៣រួច សូមបន្តអនុវត្តតាមវិធានសុខាភិបាលពិសេស «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕