(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានបើកដំណើរការកម្មវិធីបណ្តុះបណ្តាលថ្មីមួយតាមប្រព័ន្ធអនឡាញ ដើម្បីជួយកសាងសមត្ថភាពមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល (RSA)។ កយកា-KOICA ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ដោយពិចារណាថា វានឹងមានការលំបាកក្នុងការអនុវត្តកម្មវិធីអញ្ជើញទៅបណ្តុះបណ្តាលដោយផ្ទាល់ នៅប្រទេសកូរ៉េនៅក្នុងឆ្នាំ២០២១ ដោយសារស្ថានភាពរាតត្បាតជំងឺកូវីដ-១៩។
គោលបំណងនៃការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញនេះ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងធនធានមនុស្ស (HRD) ដើម្បីដឹកនាំការផ្លាស់ប្តូរស្ថាប័ន និងបង្កើតចក្ខុវិស័យសម្រាប់ការអភិវឌ្ឍជាតិ។
សម្រាប់ឆ្នាំ២០២១នេះ កយកា-KOICA សហការជាមួយវិទ្យាស្ថានជាតិអភិវឌ្ឍន៍ធនធានមនុស្ស(NHI)របស់សាធារណរដ្ឋកូរ៉េ បានបើកវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញស្តីពី «ការកសាងសមត្ថភាពសម្រាប់មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល(កម្ពុជា)» ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២១។
វគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ មានរយៈពេល ១២ថ្ងៃនេះ គឺសម្រាប់មន្រ្តីថ្នាក់អនុប្រធាន ចំនួន ១៥ រូបមកពីសាលាភូមិន្ទរដ្ឋបាល (RSA) ។
វគ្គបណ្តុះបណ្តាលដ៏មានសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងបំណងសំខាន់ចំនួន៤រួមមាន៖
ទី១៖ បង្កើនសមត្ថភាពអ្នកចូលរួមសម្រាប់អភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ
ទី២៖ ការគ្រប់គ្រងបុគ្គលិកសាធារណៈកម្រិតខ្ពស់ និងផ្នែកធនធានមនុស្សនៅកម្ពុជា
ទី៣៖ នាំមកនូវភាពរុងរឿងរួមសម្រាប់កម្ពុជានិងកូរ៉េតាមរយៈការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍
ទី៤៖ ពង្រឹងសមត្ថភាពគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សប្រកបដោយយុទ្ធសាស្រ្ត ដើម្បីឲ្យកម្ពុជាអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្សរបស់រដ្ឋាភិបាល។
សិក្ខាកាមកម្ពុជាទាំងអស់ បានរៀបចំរបាយការណ៍ប្រចាំប្រទេស (Country Report) អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស ដោយធ្វើការវិភាគអំពីបញ្ហា និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន របស់ប្រទេសកម្ពុជា ព្រមទាំងកាលៈទេសៈដែលនៅជុំវិញពួកគេ។
លើសពីនេះ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល នឹងបង្កើតផែនការសកម្មភាព ដែលដឹកនាំដោយសាស្រ្តាចារ្យជនជាតិកូរ៉េ។ ផែនការនេះនឹងក្លាយជាឯកសារសំខាន់មួយសម្រាប់សិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា ដែលបានកំណត់នៅក្នុងរបាយការណ៍ប្រចាំប្រទេស។
នៅប្រទេសកម្ពុជា កយកា-KOICA ធ្វើការលើផ្នែកបច្ចេកទេសជាច្រើនទៅលើកម្មវិធី និងគម្រោងផ្សេងៗ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាការកែលម្អអាហារូបត្ថម្ភ និងសុខុមាលភាពរបស់សិស្ស ពង្រឹងសមត្ថភាពគ្រូបង្រៀន សុខភាពសាធារណៈ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ និងនាវានុវត្ត។
កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស។ ចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ កយកា-KOICA បានអញ្ជើញមន្រ្តីរដ្ឋាភិបាលប្រហែល ៣,២០០នាក់ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងកម្មវិធីអនុបណ្ឌិត នៅសាធារណរដ្ឋកូរ៉េ ក្រោមកម្មវិធីពង្រឹងសមត្ថភាពរបស់កយកា-KOICA៕