(ភ្នំពេញ)៖ លោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌពោធិ៍សែនជ័យ នាវេលារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីសាលាខណ្ឌ រួមនិងមន្រ្តីសង្កាត់ចោមចៅទី១ ចុះសួរសុខទុក្ខអ្នកស្រី លី រ៉ានី អាយុ៥០ឆ្នាំ ដែលរងគ្រោះដោយប្ដីជះទឹកអាស៊ីតកាលពីជាង១ឆ្នាំមុន។ សព្វអ្នកស្រីថ្ងៃកំពុងរស់ម្នាក់ឯង ក្នុងស្ថានភាពលំបាកនៅក្នុងផ្ទះជួលមួយ នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១។
នៅក្នុងឱកាសនោះ លោកស្រីអភិបាលរងខណ្ឌ និងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខណ្ឌរួមមាន៖ អង្ករចំនួន២៥គីឡូ ថវិកា៤០ម៉ឺនរៀល ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ។
លោកស្រី ឈុន ស៊ុននី ក៏បានចូលរួមសោកស្ដាយនូវអ្វីដែលបានកើតឡើងទៅលើអ្នកស្រី លី រ៉ានី និងបង្កឡើងដោយប្ដីរបស់គាត់។ ខណៈនេះគឺជាលើកទី១ហើយ ដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខអ្នកស្រី ហើយបន្ទាប់ពីនេះទៅ លោកស្រីអភិបាលរងខណ្ឌ និងពិភាក្សាជាមួយលោកអភិបាលខណ្ឌ ដើម្បីជួយដល់ស្រ្តីរងគ្រោះរូបនេះជាបន្តទៀត។
សូមរំឭកថា អ្នកស្រី លី រ៉ានី ត្រូវបានជនកំណាចម្នាក់ឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មានវ័យក្មេងជាងគាត់រហូត៧ឆ្នាំ មុខរបររត់ម៉ូតូឌុបត្រូវជាប្ដីទី២របស់គាត់ ជះទឹកអាស៊ីតកាលពីវេលាម៉ោង ១០៖១៥នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០កន្លងទៅ ខណៈពេលដែលគាត់កំពុងដើរចេញពីធ្វើការរោងចក្រ ទៅដល់ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១។
អំពើហិង្សានេះក៏ព្រោះតែអតីតប្ដី បានក្បត់ចិត្តទៅលួចមានប្រពន្ធថ្មី និងបានចុះចោលគាត់ទៅនៅជាមួយប្រពន្ធក្រោយបាត់អស់រយៈពេលជាង៥ឆ្នាំ ទើបត្រឡប់មករកគាត់ និងសុំរួមរស់ជាមួយគ្នាវិញតែគាត់ពុំព្រម ជាហេតុធ្វើឲ្យប្ដីខឹងក៏ជះទឹកអាស៊ីតដាក់តែម្ដង៕