(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយជាថវិកា អង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនដល់អតីតយុទ្ធជនកម្ពុជា ១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជំនួយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន យកទៅប្រគល់ជូនដល់ដៃអតីតយុទ្ធជននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ជំនួយនេះ មួយគ្រួសារទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល, អង្ករ ៣០គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ក្នុងពិធីប្រគល់ជំនួយនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវក្តីនឹករលឹក និងក្តីបារម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះអតីតយុទ្ធជនទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងដាស់តឿនរូបលោកជាសេនាធិការនេះ ឱ្យពិនិត្យជាប់ប្រចាំលើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសកំលុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩នេះ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «សម្តេចទាំងទ្វេលោកនឹករលឹក និងគិតគូរចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនរបស់យើងជាប់ជានិច្ច។ សម្តេចទាំងទ្វេ តែក្រើនរំលឹកខ្ញុំនេះជាប់ជាប្រចាំឱ្យពិនិត្យ ឱ្យតាមដានការរស់នៅ និងជីវភាពរបស់បងប្អូន។ សម្តេចលោកថា មិនអាចឱ្យបងប្អូនអតីតយុទ្ធជនយើងខ្វះខាត អត់ឃ្លាននោះទេ ទោះលំបាកយ៉ាងណាក៏ត្រូវតែជួយបងប្អូនអតីតយុទ្ធជនយើង»។
លោកទេសរដ្ឋមន្ត្រី គន់ គីម បន្ថែមថា «សម្តេចទាំងទ្វេលោកយកគិតគូរ និងយកចិត្តទុកដាក់លើបងប្អូនអតីតយុទ្ធជនយើងខ្លាំងណាស់»។
លោកទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតលើកបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការប្រឹងប្រែងរកវ៉ាក់សាំងបង្ហារជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក៏ដូចជាអតីតយុទ្ធជន។
លោកទេសរដ្ឋមន្ត្រី បានប្រាប់ទៅអតីតយុទ្ធជនថា ក្រោមកិច្ចប្រឹងប្រែង ក្រោមការគិតគូរដ៏ច្បាស់លាស់ និងប្រាកដនិយមរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តក្រើនរំលឹកក្រុមគ្រួសារអតីតយុទ្ធជន ដែលបានចូលរួមក្នុងពិធី ឱ្យបន្តយកចិត្តទុកដាក់បង្ការជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល។ ជាពិសេសអនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ»៕