Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករខេត្តបន្ទាយមានជ័យ ធ្វើស្រែទទួលបានទិន្នផលស្រូវខ្ពស់ តែតម្លៃធ្លាក់ចុះបន្តិច ហើយចំណាយជីថ្នាំកសិកម្មខ្ពស់

19-08-2021 16:31

(បន្ទាយមានជ័យ)៖ កសិករធ្វើស្រែក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ ប៉ុន្តែតម្លៃស្រូវហាក់ធ្លាក់ចុះបន្តិច ខណៈការចំណាយលើថ្លៃជី ថ្នាំកសិកម្មវិញមានតម្លៃខ្ពស់។

កសិករ ផេង វឌ្ឍនា រស់នៅភូមិអន្លុងថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា ការធ្វើស្រែឆ្នាំនេះ ដោយសារតែមានទឹកស្រោចស្របគ្រប់គ្រាន់ ធ្វើឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់ តែអ្វីដែលជាបញ្ហាសម្រាប់កសិករនោះ គឺ តម្លៃស្រូវឆ្នាំនេះបានធ្លាក់ចុះថោក ដោយស្រូវសើមប្រភេទ៥៤ មានតម្លៃ៥៤០០បាត (លុយថៃ) ក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៥០០បាត (លុយថៃ)ក្នុង១តោន ខណៈដោយឡែកកាលពីឆ្នាំទៅស្រូវសើមប្រភេទ៥៤ មានតម្លៃ ៦២០០បាតក្នុង១តោន, ស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាតក្នុង១តោន។

កសិករដដែលបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃស្រូវនេះ ធ្វើឱ្យកសិករមិនចំណេញទេ ព្រោះការធ្វើស្រែត្រូវចំណាយគ្រប់សព្វ ទាំងការភ្ជួររាស់, ជី, ថ្នាំ និងពូជស្រូវជាដើម។ តែបើតម្លៃស្រូវចុះថោក គួរតែតម្លៃជី, ថ្នាំ និងពូជស្រូវ ចុះថោកដូចគ្នា ទើបកសិករអាចទូទាត់ការចំណាយបាន។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បរិមាណធ្វើស្រែរបស់បងប្អូនប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១នេះ សរុបមានប្រមាណជាង ៥ម៉ឺនហិចតា ដោយឡែកទិន្នផលក្នុងឆ្នាំនេះដែរ ជាមធ្យមទទួលបានជាង៤តោន ក្នុង១ហិចតា។

ដោយឡែកចំពោះបញ្ហាតម្លៃស្រូវចុះថោកជាឆ្នាំមុននេះ គឺដោយសារប្រជាពលរដ្ឋសម្រុកធ្វើស្រូវប្រភេទ៥៤ នេះច្រើនពេក ម្យ៉ាងទៀតវាជាបញ្ហារបស់ដែលឈ្មួញប្រមូលទិញ៕