(កំពង់ធំ)៖ អាជ្ញាធរខេ្តកំពង់ធំ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ចំនួន៦១,៩៣៧នាក់ និងដូសទី៣ ដល់មន្ត្រីរាជការ អាជ្ញាធរដែនដីជាង ១៥.០០០នាក់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

លោក សុខ លូ អភិបាលកំពង់ធំ បានឲ្យដឹងថា ការច៉ាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យនាពេលនេះធ្វើឡើងនៅទូទាំង ៩ក្រុងស្រុកក្នុងខេត្ត។ ដោយឡែកតែមន្ត្រីរាជការ និងអាជ្ញាធរដែនដី គឺរដ្ឋបាលខេត្តបានរៀបចំបញ្ជីឈ្មោះរួចជាស្រេច ហើយមកចាក់នៅសាលាខេត្តមួយកន្លែងតែប៉ុណ្ណោះ ដោយបែងចែកទៅតាមអង្គភាពនិងក្រុងស្រុក។

អភិបាលខេត្ត បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានត្រឹមត្រូវ ពេលនាំកូនមកចាក់វ៉ាក់សាំង សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស មានអាកុលជាប់ខ្លួន ដើម្បីរួមគ្នាកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់យើង។

លោក សុខ លូ បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។

ជាមួយគ្នានោះដែរ អាណាព្យាបាល មាតា បិតា និងកុមារមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពរដ្ឋ ជាពិសេសគឺកុមារបានចូលសិក្សារៀនសូត្រឡើងវិញ ហើយប្រជាពលរដ្ឋ និងបានប្រកបមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន៕