(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យសែនក្បាលទឹកប្រពៃណីចិន-វៀតណាម ជិតចូលមកដល់មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និងផលិតផលអាល់កុល ជែលលាងដៃ បន្លែ ផ្លែឈើ គ្រឿងសមុទ្រនៅផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។
មន្ត្រី (កបប)ខេត្តស្វាយរៀង បានឲ្យដឹងថា នៅព្រឹកនេះមន្ត្រីជំនាញ បានពិនិត្យទៅលើអាល់កុល ជែលលាងដៃ នៅតាមឱសថស្ថាន និងយកបន្លែ ផ្លែ ឈើ គ្រឿងសមុទ្រ ចំនួន២៧គំរូ យកមកពិសោធន៍ នៅ មន្ទីពិសោធន៍ខ្នាតតូចរបស់សាខាស្វាយរៀង ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ និងទំនិញដែលមានសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាមដេប៉ូផងដែរ។
មន្ត្រីបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយចំនួន ៤៥លីត្រ ពពុះសណ្តែកចំនួន២Kgមានសារធាតុគីមី។ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។
ជាមួយគ្នានេះ មន្ត្រីជំនាញបានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ជាពិសេសពពុះសណ្ដែកមុននឹងទិញយកទៅធ្វើមុខម្ហូបត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវព្រោះវាប៉ះពាល់ដល់សុខភាពខ្លាំងណាស់និងសូមចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវី១៩ ដោយអនុវត្តវិធានការ «៣កុំ និង៣ការពារ» បើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ៕