(ភ្នំពេញ)៖ គណៈសង្ឃនាយកព្រះទេវសត្ថា ពឿយ មេត្តា ព្រះចៅអធិការវត្តកោះមេត្តាពោធិ៍វង្ស និងជាប្រធានសមាគមសមណនិស្សិតកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បាននិមន្តអំពាវនាវដល់ពុទ្ធបរិស័ទ ជិតឆ្ងាយចូលរួម បច័្ចយតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈការផ្តើមធ្វើបុណ្យផ្កាប្រាក់ ដើម្បីប្រមូលបច្ច័យយកទៅកសាងវត្តទាំង៨ នៅក្នុងដែនដីពុទ្ធភូមិទីកន្លែងកំណើតព្រះពុទ្ធ ក្នុងប្រទេសឥណ្ឌា ដែលមានការខ្វះខាតថវិកា ក្នុងការសាងសង់។
កម្មវិធីនេះនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ក្នុងបរិវេណវត្តកោះមេត្តាពោធិ៍វង្ស ដែលមានទីតាំងស្ថិតនៅក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្នុងកម្មវិធីនោះក៏មានរាប់បាតព្រះសង្ឃចំនួន១០៨អង្គផងដែរ។
ព្រះទេវសត្ថា ពឿយ មេត្តា មានព្រះថេរៈដីកាបន្ថែមឲ្យដឹងថា រាល់បច្ច័យដែល បានមកពីពុទ្ធបរិស័ទទាំងអស់ និងបានជាប្រយោជន៍ ដើម្បីជាការសាងសង់វត្តនីមួយៗ ចំនួន៨នៅក្នុងប្រទេសឥណ្ឌា ដែលនៅកំពុងខ្វះខាតកុដិវិហារសាលាឆាន់របង។ល។
ព្រះទេវសត្ថា ពឿយ មេត្តា បានមានថេរដិការថា «ការរៀបចំធ្វើបុណ្យផ្កាសាមគ្គីរបៀបនេះ ចំនួន៩លើករួចមកហើយ ហើយនេះជាលើកទី១០ហើយ នៃការធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលរៀបចំឡើងដោយគណៈសង្ឃកម្ពុជា ដឹកនាំដោយព្រះអង្គ ដើម្បីប្រមូលបច្ច័យយកទៅកសាងវត្តខ្មែរទាំង៨ នៅដែនដីពុទ្ឋភូមិ ជាភូមិដ៏ប្រសើរដែលមនុស្ស និងទេវតាតែងតែគោរពបូជារួមមាន៖ វត្តខ្មែរខេរុវេលនិគម, វត្តខ្មែរសុវណ្ណភូមិក្រុងរាជគ្រឹះ, វត្តខ្មែរវេសាលី, វត្តខ្មែរកុសិនារា, វត្តខ្មែរសាវត្តី, វត្តខ្មែរសារនាថ, វត្តខ្មែរលុម្ពិនី, វត្តខ្មែរពុទ្ឋគយា នៅប្រទេសឥណ្ឌា»។ ព្រះទេវសត្ថា ពឿយ មេត្តា បាននិមន្តពុទ្ធបរិស័ទទីជិតឆ្ងាយដែលចង់ចូលរួមបច្ច័យក្នុងការ កសាងអាច ទំនាក់ ទំនងតាមទូរស័ព្ទចំនួន២ខ្សែ គឺលេខ ០១៧ ២៩៣០៥៩ និងលេខ ០១៧ ៤៧៤៧៤២។