(កំពង់ឆ្នាំង)៖ ភូមិគិរីអភិវឌ្ឍន៍ ស្ថិតនៅក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាភូមិទើបបង្កើតបាន៦ឆ្នាំ ដែលអាជ្ញាធរស្រុក និងខេត្ត បានជ្រើសរើសប្រជាពលរដ្ឋក្រីក្រកំរិត១ជាង២០០គ្រួសារ មកប្រមូលផ្តុំគ្នាចាប់ឆ្នោត ចែកដីសម្បទានសង្គមកិច្ចសង់លំនៅឋានបង្កើតជាភូមិថ្មី រហូតដល់ពេលនេះមិនទាន់មានភ្លើង និងទឹកប្រើប្រាស់នោះឡើយ។
លោក ស៊ុ សុវណ្ណ មេភូមិគិរីអភិវឌ្ឍន៍ ជួបជាមួយអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បាននិយាយថា ភូមិគីរីអភិវឌ្ឍន៍ គឺជាភូមិថ្មីមួយដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយមានប្រជាពលរដ្ឋសរុបចំនួន២៣៨គ្រួសារ ស្មើនឹង១,១៤១នាក់ ហើយការប្រកបមុខរបរ ភាគច្រើនគឺធ្វើស្រែ និងចម្ការ។ សមិទ្ធិផលដែលបានកសាងនៅក្នុងភូមិមានដូចជា សាលាបឋមសិក្សាគីរីអភិវឌ្ឍន៍១ខ្នង មាន៥បន្ទប់ មានសិស្សានុសិស្សប្រមាណ ៨០នាក់ មានគ្រូបង្រៀន៥នាក់ មានមណ្ឌលសុខភាព១ ខ្នង មានទីស្នាក់ការភូមិ១ខ្នង នឹងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំខ្វាត់ខ្វែងនៅក្នុងភូមិជាច្រើន។
ដោយឡែកនៅអំឡុងឆ្នាំ២០១៣ អង្គការជំនួយព្រះវិហាររបស់ប្រទេសហ្វាំងទ្បង់ បានជួយកសាងទំនប់ទឹក និងទ្វារទឹកមួយកន្លែង។ នៅក្នុងឆ្នាំ២០២០ អង្គការឡាសិតបានជួយកសាងទំនប់ស្ទាក់ទឹកភ្លៀងមួយកន្លែងជូនសហគមន៍ ភូមិគិរីអភិវឌ្ឍន៍ ដែលមានប្រវែង១៦២ម៉ែត្រ និងសំណង់សិល្បការ្យ ៣កន្លែង គាំទ្រថវិកាដោយរាជរដ្ឋាភិបាល និងធនាគារពិភពលោក។
ប៉ុន្តែដោយសារការបម្រែបម្រួលអាកាសធាតុរបបទឹកភ្លៀងមិនសំបូរ មកដល់ពេលនេះទំនប់ស្ទាក់ទឹក និងទំនប់បង្ហៀរទឹកខាងលើនេះ ពុំមានទឹកស្តុកទុកគ្រប់គ្រាន់សម្រាប់ចែកចាយស្រោចស្រពដីស្រែចំការ របស់ប្រជាពលរដ្ឋក្នុងភូមិបានឡើយ។ ចំណែកទឹកអណ្ដូងលូ ឬអណ្ដូងបុកសម្រាប់ប្រើប្រាស់តាមគ្រួសារវិញក៏មានការខ្វះខាតដែរ ព្រោះប្រភពទឹកជ្រៅជីក ឬខួងអណ្ដូងមិនចេញនោះទេ។ កន្លងមកការប្រើប្រាស់ទឹក គឺពឹងទៅលើតែទឹកនៅតាមស្រះក្នុងរដូវ ភ្លៀងខែវស្សាតែប៉ុណ្ណោះ។ ម្យ៉ាងទៀតភ្លើងអគ្គិសនី ក៏មិនទាន់តភ្ជាប់ចូលមកដល់ក្នុងមូលដ្ឋាន ភូមិគិរីអភិវឌ្ឍន៍នៅឡើយដែរ។
លោកមេភូមិគិរីអភិវឌ្ឍន៍ បានបញ្ជាក់ទៀតថា ប្រសិនបើភូមិគីរីអភិវឌ្ឍន៍មានប្រភពទឹកទំនប់ស្តុកទុកប្រើប្រាស់គ្រប់គ្រាន់ និងមានអគ្គិសនីប្រើប្រាស់បរិបូរវិញនោះ ភូមិគិរីអភិវឌ្ឍន៍ ដែលសំបូរដោយព្រៃភ្នំក្រមថ្ម និងក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដ៏ល្អប្រណិត ដែលអាចស្រូបយកភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនជាមិនខានឡើយ។
អាស្រ័យហេតុនេះ ក្នុងនាមអាជ្ញាធរភូមិតំណាងឲ្យប្រជាពលរដ្ឋទាំង២៣៨គ្រួសារ គោរពស្នើសុំអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ មេត្តាជួយដោះស្រាយនូវកង្វះខាតខាងលើនេះ ជូនប្រជាពលរដ្ឋភូមិគិរីអភិវឌ្ឍន៍ ដែលទើបនឹងបង្កើតថ្មីនេះផង៕