(កំពត)៖ រដ្ឋបាលខេត្តកំពត និងកងពលតូចលេខ៧០ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំរួមគ្នាបង្កើតគណៈកម្មការ និងអនុគណៈកម្មការដើម្បីពិនិត្យពិភាក្សា និងសហការចុះដោះស្រាយកំណត់ព្រំប្រទល់ និងធ្វើការចុះបញ្ជីដីរដ្ឋជូនក្រសួងការពារជាតិ ក្នុងការពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន «តេជោសែនជុំគិរី» កំពតឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ដោយចូលរួម ពីជួរថ្នាក់ដឹកនាំ ចូលរួមរវាងតំណាងក្រសួងការពារជាតិ អង្គភាពកងទ័ពជើងគោក និងអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរស្រុកពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ទំហ៊ុផ្ទៃដីប្រមាណ ១៧.០៨៧ហិកតា ស្ថិតនៅក្នុងឃុំតាកែនស្រុកឈូក និងឃុំស្នាយអញ្ជិត ឃុំស្រែចែង ឃុំត្រពាំងរាំង ក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ រៀបចំហេដ្ឋារចនាសម្ព័ន្ធសាលាហ្វឹកហ្វឺន «តេជោសែនជុំគិរី» សំដៅធ្វើការអភិវឌ្ឍន៍សម្រាប់ការបណ្ដុះបណ្ដាលយុទ្ធសាស្ត្រយោធា ក៏ដូចជាការបង្កើតសក្ដានុពលដល់កងទ័ពផងដែរ។
លោកឧត្តមសេនីយ៍ ម៉ៅ សុផាន់ មានជំនឿយ៉ាងជាក់លាក់ និងមានសេចក្តីរំភើបរីករាយ ពាក់ព័ន្ធការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ នាពេលនេះឡើង ហើយរូបលោក ក្នុងនាមកងពល ក៏ដូចជាក្រសួងការពារជាតិ នឹងត្រៀមខ្លួនសហការក្នុងការកំណត់ចុះបោះបង្គោលព្រំប្រទល់ ហើយកន្លងមកនេះ លោកដឹងហើយថា ការរុកទន្ទ្រានដណ្ដើមយកដីរដ្ឋ ពីសំណាក់បុគ្គលមួយចំនួន នៅតែកើតមានឡើង ពីសំណាក់ជនខិលខូចមួយចំនួន នៅលើក្នុងចំណុចផែនទីខាងលើ ប៉ុន្តែកន្លងមកកម្លាំងកងពល ក៏បានចាត់តាំងកម្លាំងយាមតាមព្រំ ហើយសព្វថ្ងៃក៏បានអនុញាតិឲ្យប្រជាពលរដ្ឋ ពួកគាត់ឡើងទៅកាប់តែឬស្សីប៉ុណ្ណោះ ប៉ុន្តែពួកគាត់បែជាមកាប់ឈើបង្កប់ក្នុងរទេះ ឬរទេះគោយន្ត ដឹកឬស្សីទៅវិញ ពេលកម្លាំងបានធ្វើការឃាត់ គាត់ក៏បានស្រែកឡូឡា បង្ហោះតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងៗជាដើម។ អញ្ចឹងថ្ងៃនេះ គណៈកម្មការយើងបានរៀបចំហើយ និងបានត្រៀមចុះ បោះបង្គោលព្រំបន្ថែមទៀត សំដៅកំណត់ដែនសីមាយ៉ាងប្រាកដ»។
លោក ម៉ៅ សុផាន់ ក៏សូមរាយការណ៍ក្នុងអង្គប្រជុំបន្ថែមថា កន្លងមកនេះ រង់ចាំខេត្តយូរពេក កម្លាំងជំនាញកងពលរបស់លោកក៏បានចុះបោះព្រុំ ដោយយោងផ្អែកទៅតាមផែនទីកំណត់ និយាមការ ហើយក៏បានដំណើរបោះបង្កោលព្រំមួយចំនួនរួចហើយផងដែរ។
ក្នុងកិច្ចប្រជុំលោកអភិបាលខេត្ត ជាវ តាយ បានគាំទ្រនូវមតិលើកឡើង របស់លោកសេនីយ៍ឯក ម៉ៅ សុផាន់ អំពីឱ្យមានការកំណត់ព្រំដីច្បាស់លាស់ ផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្រេច ដើម្បីយកមកពិនិត្យនិងដោះស្រាយ តាមលំដាប់លំដោយឲ្យមានប្រសិទ្ធភាព។
លោក ជាវ តាយ ក៏បានស្នើឲ្យក្រុមការងារ ត្រូវសហការគ្នាអនុវត្តចំណុចសំខាន់ៗ រួមមាន៖
*ទី១៖ ការជំរុញអនុវត្តសេចក្ដីសម្រេច លេខ០៣៨ របស់រដ្ឋបាលខេត្តកំពត ឲ្យមានប្រសិទ្ធភាពខ្ពស់។
*ទី២៖ ក្រុមការងារត្រូវពិនិត្យឲ្យបានច្បាស់លាស់ ពីផលប៉ះពាល់ដែលមិនទាន់បានដោះស្រាយ។
*ទី៣៖ ក្រុមការងារនៃគណៈកម្មការនេះ ត្រូវតែចុះពិនិត្យទៅដល់ទីតាំងភូមិសាស្ត្រជាក់ស្ដែង ដើម្បីឈានទៅការកំណត់ព្រំ ក្នុងការចុះបញ្ជីដីរដ្ឋ ប្រគល់ជូនក្រសួងការពារជាតិ គ្រប់គ្រង។
*ទី៤៖ ត្រូវពិនិត្យមើលអំពីបញ្ហា ដែលពាក់ព័ន្ធដីក្នុងតំបន់រដ្ឋបាលខេត្តតាកែវគ្រប់គ្រង ដែលកំណត់ដោយព្រះរាជក្រឹត្យ និងដើម្បីពិនិត្យមើលអំពីបញ្ហាក្នុងការអនុវត្តអោយមានប្រសិទ្ធភាព។
លោកអភិបាលខេត្ត ក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា ក្រុមការងារ នឹងខិតខំអនុវត្តឲ្យបានសម្រេចជាលទ្ធផលល្អនៅពេលខាងមុខនេះ សម្រាប់ខេត្តកំពត មោទនភាព មានសាលាហ្វឹកហ្វឺនយោធាមួយប្រកបដោយគុណភាព និងសក្ដានុពលកងទ័ព៕