(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយទិញផ្លែមៀនពីប្រជាកសិករចំនួន១០តោន ដើម្បីយកទៅប្រគល់ជូន គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៅបញ្ជាការដ្ឋានអង្គរក្សប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែសីហានេះ។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ចែងក្រុមការងារ ដើម្បីដឹកផ្លែមៀន (តាង៉ែន) ទៅកាន់ទីរួមខេត្តស្វាយរៀងហើយ។

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានអញ្ជើញចុះដល់ចំការផ្លែមៀន និងតាង៉ែន ដើម្បីបន្តទិញពីកសិករ ភូមិពេជ្រសង្វា ឃុំរស្មីសង្វា ស្រុករតនៈមណ្ឌល ខេត្តបាតដំបងផងដែរ ដើម្បីទៅទិញផ្លែមៀនរបស់កសិករពីចំការផ្ទាល់តែម្តង មិនចាំទិញនៅព្រលានយន្តហោះបែកចាយ ខេត្តបាត់ដំបងនោះឡើយ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។

សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាក កុំឲ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។

សម្តេចតេជោ ក៏បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, អភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករ ក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រី ទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។

តាមការប៉ានប្រមាណផ្លែមៀន ប្រជាកសិករដែលកំពុងជាប់គាំង មិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញ ពីប្រជាពលរដ្ឋ បានធ្វើឲ្យអ្នកដាំដុះមៀន សម្តែងការសប្បាយចិត្តជាពន់ពេក៕