(ភ្នំពេញ)៖ អាជ្ញាធរមីន និងមជ្ឈមណ្ឌល ARMAC នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការអនុវត្តគម្រោង «លើកកម្ពស់កម្មវិធីសង្រ្គោះជនពិការ ដោយសារមីន នៅតាមប្រទេសរដ្ឋសមាជិកអាស៊ាន» ដែលផ្តល់មូលនិធិគាំទ្រដោយ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Cooperation Fund)។

ពិធីនេះ ដោយមានការចូលរួមពី លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសប្រ៊ុយណេដារូសាឡឹម ប្រចាំនៅកម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំ នៃមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC)។

ពិធីហត្ថលេខាទ្វេភាគីនេះ តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងលោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC។

ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំនៃ ARMAC លោក Pengiran Kasmirhan Pengiran Tahir បានថ្លែងថា គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ(AKCF)។

លោកឯកអគ្គរាជទូត បានបន្តទៀតថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈមនឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះ នៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពសកម្មភាពមីនពាក់ព័ន្ធនៅក្នុងប្រទេសសមាជិកអាស៊ាន។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ ដែលបានរួមចំណែកសម្រាប់សកម្មភាពមីននៅកម្ពុជា និងតំបន់អាស៊ាន ដែលការគាំទ្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត មិនផ្លាស់ប្តូររបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។

លោកបន្តទៀតថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី ដល់កម្ពុជានូវថវិកាប្រមាណ១០លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ សម្រាប់ការងារបោសសម្អាតមីន និងការសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ផងដែរ។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា នេះគឺជាការចុះហត្ថលេខាលើកទី២ រវាងអាជ្ញាធរមីន និង ARMAC ដែលលើកទី១ មានតាំងពីឆ្នាំ២០១៨ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។

លោកបានបញ្ជាក់បន្ថែមថា វឌ្ឍនភាពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង ARMAC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅក្នុងតំបន់អាស៊ាន តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៧មក ហើយដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។

ក្រៅពីជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត របស់កម្ពុជារួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការស្វែងរកសុខ សន្តិភាព និងស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ដែលកើតឡើងចេញពីកម្លាំងញើសឈាម របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកនូវវិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា។

លោកបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ជាបន្តបន្ទាប់កម្ពុជា បានចូលរួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាមួយប្រទេសដទៃទៀត ដែលរងផលប៉ះពាល់ដោយមីន នៅជុំវិញពិភពលោកអស់ជាច្រើនទសវត្សរ៍មកហើយ ដែលក្នុងនោះ ចាប់តាំងពីឆ្នាំ ២០០៦ មកកម្ពុជាបានបញ្ជូនកងកម្លាំង រក្សាសន្តិភាពប្រមាណ ៧,៥០០នាក់ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ សម្រាប់បេសកកម្មរក្សាសន្តិភាពរួមទាំងការដោះមីនមនុស្សធម៌ នៅក្នុងប្រទេសចំនួន៩ គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕