(ត្បូងឃ្មុំ)៖ លោកកែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកស្រីបានអញ្ជើញទៅចូលរួមបុណ្យឆ្លងសាលាបុណ្យ និងអណ្ដូងទឹកដែលកសាងឡើង នៅតំបន់កណ្ដាលភូមិខ្សាក ភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ។ ក្នុងនោះក៏មានការចូលរួមពីមន្ត្រីអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
នៅក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងអណ្ដូងទឹកខាងលើនេះ លោក កែវ ពិសិដ្ឋ និងលោកស្រីក៏បានពាំនាំ នូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិង លោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ចុះជួយ និងជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំតែម្ដង។
ក្នុងនោះលោកក៏បានជូនពរអោយប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្ដីសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព ហើយចូលរួមគោរពច្បាប់ចរាចរណ៏ អោយបានគ្រប់ៗគ្នា។
នៅក្នុងឧកាសចូលរួមបុណ្យឆ្លងសាលាបុណ្យ និងអណ្ដូងទឹកនាពេលនោះលោកកែវ ពិសិដ្ឋនិងលោកស្រីក៏បានចូលរួមបច្ច័យកសាង ចំនួន៨.៧៦១.០០០រៀល ដល់គណៈកម្មការសាងសង់
ផងដែរ។ ក្រៅពីនេះលោកក៏បានចែកជូន នូវវត្ថុអនុស្សាវរីយដល់តាជី យាយជីចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១មុឺនរៀល។ លោកគ្រូ អ្នកគ្រូចំនួន៣៥នាក់ ម្នាក់ៗទទួលបានថវិកា២មុឺនរៀល។ សិស្សានុសិស្សចំនួន២៥០នាក់ ម្នាក់ៗទទួលបានសៀវភៅ ខ្មៅដៃ ប៊ិច ច្រាសដុះធ្មេញ១ដើម និងថវិកា៥០០០រៀល រួមទាំងឧបត្ថម្ភដល់កម្លាំងនគរបាល៥០មុឺនរៀល និងប្រជាការពារភូមិ៥០មុឺនរៀលផងដែរ៕