(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានជួបសន្ទនាការងារជាមួយ លោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ។

កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានផ្តោតសំខាន់ក្នុងការបន្តនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ដើម្បីបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានលើកឡើងពីបញ្ហាមួយចំនួន ដែលកើតមាននៅក្នុងបរិបទតំបន់និងពិភលោក ដែលកំពុងរងគ្រោះពីការរាតត្បាតជំងឺកូវីដ-១៩ ដូច្នេះកិច្ចសហប្រតិបត្តិការសភា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគីមានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហារួមមួយនេះ ក្នុងការមប្រើសុខុមាលភាពពលរដ្ឋ ប្រទេសទាំងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់និងសកលលោក។

ប្រធានរដ្ឋសភាកម្ពុជា និងឡាវ អះអាងថា រដ្ឋសភាប្រទេសទាំងពីរតែងតែគំាទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាសភា ដើម្បីបម្រើដល់ផលប្រយោជន៍រួម។ សម្តេច ហេង សំរិន និងលោក សាយ សំភូន ភូមវិហាន បានបញ្ជាក់ពីទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្តនូវអនុស្សរណៈយោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិត តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះលោក សាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៩ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក សាយ សំភូន ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងរដ្ឋសភា កាន់តែជិតស្និទ្ធនិងស្អិតរមួតថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងលោក សាយ សំភូន ភូមវិហាន ក៏បានលើកឡើងនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ យ៉ាងស្អិតរមួតនៃប្រទេសទាំងពីរ នាពេលកន្លងមក គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលនឹងផ្តល់នូវឧត្តមប្រយោជន៍ ដល់ការអភិវឌ្ឍសង្គមជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។

ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានអបអរសាទរចំពោះប្រទេសទាំងពីរដែលកាលពីថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្តមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីៗរបស់កម្ពុជា ដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅ ក្នុងយុទ្ធនាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋដោយមិនគិតថ្លៃ ទាំងលើមនុស្សពេញវ័យ និងកុមារ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ ឱ្យបានជាង១០លាននាក់ ដែលផែនការនេះ នឹងបញ្ចប់ ក្នុងពេលឆាប់ៗ ដែលអាចនាំឱ្យសង្គមជាតិ វិលទៅភាពប្រក្រតីវិញ ឈានដល់ការស្តារសេដ្ឋកិច្ច និងសង្គមបានក្នុងពេលឆាប់ៗនេះ។

សម្តេចបានគូសបញ្ជាក់ថា ក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋ កម្ពុជាបានខិតខំស្តារសេដ្ឋកិច្ច ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្ម តាមរយៈការទម្លាក់មូលនិធិសង្គម បន្តបន្ទាប់ពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង ១,៤៥០លានដុល្លារ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា នៅឆ្នាំ២០២២ខាងមុខនេះ មានការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថា នឹងមានកំណើនឡើងវិញក្នុងអត្រា ៤% ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មី កំណើននេះអាចនឹងថយមកត្រឹម ២.៤%។

លោក សាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវដែលកំពុងប្រឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានកំពុងរួមសាមគ្គីគ្នានៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបានខិតខំលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិផង។ សេដ្ឋកិច្ចប្រទេសឡាវ បានបន្ត មានកំណើន ជាវិជ្ជមាន ប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជា គ្រោះធម្មជាតិ ជាដើម។ លោកក៏បានជម្រាបជូនសម្តេច ហេង សំរិន ថា ក្នុងសម័យប្រជុំ រដ្ឋសភាឡាវជាវិសាមញ្ញក្នុងនីតិកាលទី៩ នាពេលកន្លងមកថ្មីៗនេះ បានសម្រេចនូវរបៀវារៈជាតិជាច្រើនក្នុងការបម្រើប្រជាជននិងប្រទេសជាតិ។

នៅទីបញ្ចប់ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ឡាវ និងបានសន្យាថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៅពេលវេលាសមស្របណាមួយ។ ជាមួយគ្នានេះរដ្ឋសភាឡាវ ក៏ត្រៀមខ្លួនចូលរួមនៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ និងកិច្ចប្រជុំក្របខណ្ឌ CLV ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២១នេះផងដែរ៕