(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានមហាជនខ្មែរដាក់រហស្សនាមឲ្យថា «ជាអ្នកឧកញ៉ាចិត្តធម៌» ដែលតែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយលោកតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិនោះ នៅពេលនេះបានប្រកាសទិញផ្លែមៀន និងផ្លែតាង៉ែន ពីប្រជាកសិករខ្មែរចំនួន ១ពាន់តោន ដើម្បីយកមកដាក់លក់ក្នុង ផ្សារកសិផល ឡេង ណាវ៉ាត់ត្រា របស់លោកក្នុងតម្លៃខាតដើម។
តាមរយៈផេកផ្លូវការរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះថា «ការលំបាករបស់ ប្រជាកសិករ ការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់ខ្ញុំ ខ្ញុំមានចំណូលខ្ញុំមានជីវភាពល្អក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាល។ ដូច្នេះហើយអ្វីដែលអាចជួយបាន យើងត្រូវតែជួយគ្នា ខ្ញុំសម្រេចជួយទិញមៀនឬតាង៉ែន ចំនួន១,០០០តោន ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត់ត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ខ្ញុំបាទទិញតែពីកសិករ ដាំលក្ខណៈគ្រួសារប៉ុណ្ណោះមិនទិញពីក្រុមហ៊ុន និងកសិដ្ឋានធំៗនោះទេ »។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តថា «ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នា សុទ្ធតែមានបំណងចង់ជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 នេះ ដែលជាវិបត្តិទូទាំងពិភពលោក។បើសិនជាអាចក្នុងឱកាសសែនខាងមុខនេះបងប្អូនទិញផ្លែមៀនផង គ្មានអ្នកណាដែលស្រលាញ់យើង ជាងប្រជាជាតិរបស់យើងទេ ពាក្យថាចង់ជួយ អ្នកណាក៏អាចនិយាយបាន មានតែអំពើនៃការជួយទេទើបជាការជួយពិតប្រាកដមួយគ្រួសារជួយទិញ ៥គីឡូមិនច្រើននោះទេ ដោយខ្ញុំលក់ចេញតែ ១,៩០០រៀលក្នុងមួយគីឡូប៉ុណ្ណោះ»។
គួរជម្រាបថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានមហាជនខ្មែរសង្កេតឃើញថា ជារឿយៗតែងតែជួយកិច្ចការងារសង្គម និងជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខណៈសកម្មភាពរបស់លោក គឺទទួលបានការគាំទ្រ និងកោតសរសើរជាខ្លាំង ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទៅ។ អ្នកឧកញ៉ាចិត្តធម៌ ដែលធ្លាប់ជាពលករនៅកូរ៉េរូបនេះ ក៏ត្រូវបានគេដឹងថា បានសាងកេរ្តិ៍ឈ្មោះយ៉ាងច្រើន ក្នុងកិច្ចការងារសប្បុរសធម៌៕