(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែ សីហា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីសរុប ៨៧នាក់ និងជាសះស្បើយ ១៩៩នាក់។
តាមរបាយការណ៍រដ្ឋបាលខេត្ត ករណីទី១ ដល់ទី៨ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៩ ដល់ករណីទី៤២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក។ ដោយឡែក ករណីទី៤៣ ដល់ករណីទី៤៤ គឺជាករណីឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងពីអាជីវករទៅទិញបន្លែពីផ្សារពុមពុយខេត្តបាត់ដំបង ចំពោះ ករណីទី៤៥ ដល់ទី៨៧ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។
រីឯអ្នកជាសះស្បើយទាំង១៩៩នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦,៤៧៩នាក់ បានព្យាបាលជាសះស្បើយចំនួន៥,០១៣នាក់ ស្លាប់៧៥នាក់ និង១,៣៩១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕