(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន ប្រធានក្រុមការងារយុវជន ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយ ក្រុងពោធិ៍សាត់ បានលើកឡើងថា សភាពការណ៍ពិត និងសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឹកដី និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងតែតំកល់ប្រយោជន៍រាស្ត្រជាធំ ។
លោកបានលើកឡើងបែបនេះ ក្នុងពិធីបិទ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គអប់រំនយោបាយ គណបក្សប្រជាជនកម្ពុជា លើកទី២នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅសាលប្រជុំសណ្ឋាគារខេអឹម។
គួរបញ្ជាក់ថា វគ្គអប់រំនយោបាយ លើកទី២នេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០១៦ ដែលមាន សិក្ខាកាមចូលរួមសរុប១៦៦នាក់ ស្រី៩០នាក់ មកពី៤សង្កាត់ ក្នុងក្រុងពោធិ៍សាត់រួមមាន សង្កាត់ផ្ទះព្រៃ សង្កាត់លលកស សង្កាត់ចំរើនផល និងសង្កាត់ស្វាយអាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា វគ្គបំប៉នជាលើកទី២នេះ គឺជាទុនដ៏វិសេសវិសាល ដែលអាចឲ្យយុវជនយើងយល់ដឹងពីវិធីសាស្ត្រថ្មី ទាក់ទងជាមួយការមួយការឃោសនា វិធីសាស្ត្រការពារគណបក្ស រក្សាសមាជិកបក្ស ការកសាងបណ្តាញ និងកម្មវិធីមនុស្សធម៌នានា បន្ទាប់ពីវគ្គអប់រំនយោបាយ លើកទី១ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៨-២០ ខែមីនា ឆ្នាំ ២០១៦កន្លងទៅ ដែលមានសិក្ខាកាមចូលរួម ៨៨នាក់ ស្រី ៥០នាក់ មកពី ៣សង្កាត់ ក្នុងក្រុងពោធិ៍សាត់ រួមមាន សង្កាត់បន្ទាយដី សង្កាត់ព្រៃញី និង សង្កាត់រលាប ។
លោកបានបន្ថែមទៀតថា វគ្គអប់រំនេះ គឺដើម្បីត្រៀមកម្លាំងយុវជនជាមុន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ និង ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ ។
លោក ក្រូច សុខុន ប្រធានក្រុមការងារយុវជនក្រុងពោធិ៍សាត់ បានឲ្យដឹងថា វគ្គបំប៉នដែលសិក្សារយៈពេល៣ថ្ងៃ ហើយត្រូវបានបញ្ចប់ នាពេលនេះ គឺផ្តោតទៅលើមេរៀនសំខាន់ចំនួន៥គឺ៖ ១-កំណើតគណបក្សប្រជាជនកម្ពុជា និងប្រវត្តិសកម្មភាពស្នាដៃ បទពិសោធន៍ នៃការដឹកនាំរបស់គណបក្ស ២-គោលការគ្រឹះ នៃកម្មវិធីនយោបាយរបស់គណបក្ស ៣-ការងារយល់ដឹងមួយចំនួន អំពីលក្ខណន្តិកៈ គណបក្ស ៤-សភាពការណ៍កម្ពុជា និងភារកិច្ចចំពោះមុខ និង៥-ការកសាងសីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស។ នាព្រឹកថ្ងៃដដែល ក៏មានមេរៀនអំពីការតស៊ូមតិ និងវេទិកាសំណួរចម្លើយរបស់យុវជន ដែលបង្រៀនដោយលោក អ៊ឹង គឹមលាង អនុប្រធានក្រុមការងារ យុវជន ខេត្តពោធិ៍សាត់ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃញីផងដែរផងដែរ៕