(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្ដបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរក្រុងសិរីសោភ័ណ និងមន្ត្រីសុខាភិបាល បានធ្វើតេស្ដរហ័ស (Rapid Test) លើអាជីវករលក់ដូរផ្សារទឹកថ្លារាប់រយនាក់ ដោយរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន១២៦នាក់។
ការធ្វើសំណាកលើអាជីវករលក់ដូរ បានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្រោយរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ អាជ្ញាធរ បានសម្រេចបិទបិទផ្សារទឹកថ្លានេះ ជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី១៨ ខែសីហាតទៅ ដើម្បីស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល។
បើតាមលោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា “រដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើការសហការជាមួយក្រុមគ្រូពេទ្យ បានយកសំណាកអាជីវករលក់ដូរក្នុងផ្សារទឹកថ្លា ជាច្រើនរយនាក់ យកទៅធ្វើតេស្តរហ័ស រកឃើញអាជីវករកើតជំងឺកូវីដ១៩ មានចំនួន១២៦នាក់ ធ្វើតេស្តរហូតរហូតដល់ម៉ោង៦យប់ អ្នកកើតកូវីដ១៩ ទាំងក្រុមគ្រូពេទ្យបានយកទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយផងដែរ”។
លោកបានបន្តថា អ្នកមានវិជ្ជមានជំងឺកូវីដ១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារទឹកថ្លាជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គមរដ្ឋ បាលក្រុងសិរីសោភ័ណ សម្រេចគោលការណ៍នឹងធ្វើការបិទជាបណ្ដោះអាសន្នការលក់ដូរគ្រប់ប្រភេទ នៅក្នុងផ្សារទឹកថ្លា ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ។
លោកបានបញ្ជាក់ថា ផ្សារនេះចាប់ផ្ដើមឲ្យអាជីវករទាំងអស់លក់ឡើងវិញ ត្រូវធ្វើតេស្តរហ័សជាលើកទី២ បន្តទៀត បើអាជីវករណាធ្វើការគេចវេសមិនមកពិនិត្យលើកទី២នោះទេរដ្ឋបាលខេត្ត មិនឲ្យចូលលក់ជាដាច់ខាត៕