Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវឲ្យពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ននឹងគ្រោះធម្មជាតិ និងមានអនាម័យខ្ពស់

28-03-2016 15:50

(ប៉ៃលិន)៖ តាមរយៈលោក អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសម្តេច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រស់នៅត្រូវមានការប្រុងប្រយ័ត្ន ពីគ្រោះធម្មជាតិផ្សេងៗ ដែលបង្កឡើងជាយថាហេតុ រស់នៅត្រូវមានអនាម័យ បរិភោគស្អាត ដោយញ៉ាំទឹកស្អាត ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ។

លោក អ៊ី ឈាន ថ្លែងបែបនេះ ខណៈដែលលោក រួមនិងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាតចំនួន២ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិវាលចែង ឃុំអូរអណ្តូង និងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រាប់ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ។

លោកបានលើកឡើងទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋយើង រស់នៅតំបន់ដាច់ស្រយ៉ាល កង្វះទឹកស្អាតប្រើប្រាស់ គឺមានការលំបាកខ្លាំង ដូចនេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត និងដោះស្រាយនូវបញ្ហាកង្វះខាតទឹកស្អាតនេះ ជូនបងប្អូនប្រជាពលរដ្ឋ បានទាន់ពេលវេលាគ្រប់ទីកន្លែង តាមរយៈគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ទូទាំងប្រទេស ដោយសាងសង់ជាអណ្តូង និងជីកស្រះទឹក ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសប្រគល់អណ្តូងទឹកស្អាតទាំង២នេះ លោក អ៊ី ឈាន បានជូនថវិកា សម្លៀកបំពាក់សិស្សកុមារតូចៗ វ៉ែនតា និងពីដុងទឹកជូនប្រជាពលរដ្ឋ សំរាប់ដាក់ទឹកប្រើប្រាស់ផងដែរ៕