(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្ញើលិខិតថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់ចេញយុទ្ធនាការជាតិចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
លោក សោម ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំនួសមុខឲ្យមាតាបិតាអាណាព្យាបាលរបស់កុមារ និងយុវវ័យទាំងអស់ និងតាងនាមក្រុមប្រឹក្សា គណៈអភិបាល
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងការចាក់វ៉ាក់សាំងជូនដល់កុមារ យុវវ័យមានអាយុពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ»។
លោកចាត់ទុកថា សកម្មភាពនេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន លើសុខុមាលភាព និងការការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ប្រកបដោយភាពប្រាកដនិយម និងទស្សនវិស័យដឹកនាំដ៏ឧត្តុង្គឧត្តម។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំយកជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ! ដើម្បីបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ដោយបាននាំមកនូវ សន្តិភាព ពេញលេញ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។
បច្ចុប្បន្នស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែជាអគ្គមគ្គុទេសដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្តេចតេជោ បានការខិតខំស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ការពារអាយុជីវិតប្រជាពលរដ្ឋ និងបានសម្រេចចាក់ដូសទី៣ (ដូសជំរុញ) ជូនមន្ត្រីរាជការជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ យុវវ័យ មានអាយុពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នៅក្នុងខេត្តកែប និងបណ្តារាជធានី-ខេត្តផ្សេងទៀតទូទាំងប្រទេស៕