(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) លើយុវជន យុវនារី កំពុងបន្សាបថ្នាំ ញៀននៅ មណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំនួន៦៦០នាក់ ក្នុងនោះរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៦០១នាក់ មានស្រីចំនួន៣០នាក់។
ការធ្វើសំណាករកមេរោគកូវីដ១៩នេះ ប្រព្រឹត្តឡើងក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្ត និងមានចូលរួមពីលោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត, លោក ភា ម៉ានិត អនុប្រធានមន្ទីរ និងជាប្រធានមណ្ឌលជីវីតថ្មីភ្នំបាក់, លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។
លោក ឃុន វុទ្ធី បានប្រាប់ឱ្យដឹងថា «ក្នុងមណ្ឌលនេះមានមន្ត្រីនគរបាលម្នាក់ និងមន្ត្រីមន្ទីរម្នាក់ មានវិជ្ជមានកូវីដ១៩ តមក ដោយមានការសង្ស័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានមកយកសំណាកក្នុងមណ្ឌលក្នុងនោះ មន្ត្រីសមត្ថកិច្ច និងជំនាញអវិជ្ជមានចំនួន៨០នាក់។ ប៉ុន្តែអ្នកបន្សាបសារធាតុញៀន ចំនួន៦៦០នាក់ បានកើតជំងឺកូវីដ១៩ មានចំនួន៦០១នាក់ ស្រី៣០នាក់»។
លោកបានបន្តថា ចំពោះមុខក្រុមការងារបានញែកបំបែកអ្នកអវិជ្ជមានចេញទៅបន្ទប់នៃអគារផ្សេងក្នុងមណ្ឌល។
ក្នុងនោះមានអ្នកបន្សាបគ្រឿងញៀន៥០នាក់ បានរឡើងរបង និងទម្លុះទ្វារចេញពីមណ្ឌល ប៉ុន្តែត្រូវកម្លាំងចម្រុះចាប់បានវិញ នៅក្រោយពេលបន្តិចចំនួន៤៧នាក់ និង៣នាក់ទៀត ត្រូវបានស្រាវឃើញ និងចាប់មកវិញបន្តបន្ទាប់ផងដែរ។
ក្នុងនោះលោក អ៊ុ រាត្រី និងមន្ត្រីក្រុមការងារខាងលើបានសម្របសម្របសម្រួលជាមួយថ្នាក់លើ ស្ថាប័នអយ្យការ និងតុលាការខេត្ត មន្ទីរសុខាភិបាល មណ្ឌលជីវិតថ្មី និងមណ្ឌលព្យបាល ដឹកអ្នកបន្សាបសារធាតុញៀនដែលវិជ្ជមានដូចខាងលើ តាមរថយន្តកងទ័ពនៃអាវុធហត្ថខេត្ត នគរបាលខេត្ត ពន្ធនាគារខេត្តទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ម៉ោង២សៀលរហូតល្ងាចថ្ងៃទី១៨ ខែសីហា នេះផងដែរ៕