(សៀមរាប)៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យផ្សារព្រះដាក់បើកឡើងវិញ បន្ទាប់ពីផ្សារនេះបានបិទមួយរយៈ ដោយសារករណីផ្ទុះជំងឺកូវីដ១៩។ បើទោះបីអនុញ្ញាតឱ្យបើកលក់ឡើងវិញ តែអ្នកលក់ដូរត្រូវគោរពតាមវិធានរបស់សុខាភិបាល និងអាជ្ញាធរ។
បើតាមការបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថា «ផ្សារព្រះដាក់ ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញហើយ តែត្រូវគោរពតាមគោលការណ៍សុវត្ថិភាព និងរៀបចំលក់ដូរតាមគន្លងថ្មី ដោយធ្វើការឆ្លាស់វេនគ្នា និងរក្សាគម្លាតរវាងនាក់លក់នីមួយៗ ដើម្បីបញ្ចៀសហានិភ័យនៃការផ្ទុះឆ្លងថ្មីនៅក្នុងផ្សារម្តងទៀត»។
លោកអភិបាកស្រុក ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់អាជីវករ ដែលមិនទាន់អាចអនុញ្ញាតឱ្យទៅលក់ដូរគ្រប់គ្នាឡើងវិញបាន ដោយហេតុតែកន្លែងមានកំណត់។
បើទោះបីយ៉ាងណារដ្ឋបាលស្រុក ក៏តែបន្តដំណើរការផ្សារក្រមួនព្រះដាក់មួយរយៈពេលទៀត ដើម្បីរំលែកអ្នកលក់ខ្លះចេញមកផ្នែកខាងក្រៅ ក៏ដូចជាបន្តផ្តល់ជម្រើសដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការស្វែងរកទិញរបស់របរដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ខ្លួន ទម្រាំដល់មានការប្រាកដក្នុងចិត្តថា ហានិភ័យនៃការឆ្លងនៅក្នុងសហគមន៍អាចគ្រប់គ្រងបានទាំងស្រុង។
គូររំលឹកផងដែរ រដ្ឋបាលស្រុកបន្ទាយស្រីសម្រេចបិទខ្ទប់ផ្សារព្រះដាក់នៅថ្ងៃទី៥ ខែកក្កដា ក្រោយអាជីវករច្រើននាក់ក្នុងផ្សារនេះ រកឃើញមានវិជ្ជមានជំងឺកូវីដ១៩៕