(ភ្នំពេញ)៖ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្វើដោយក្រសួងការពារជាតិ មានការចាប់អារម្មណ៍ច្រើនទៅលើសោភ័ណភាព និងការរៀបចំ។ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មានរំលេចដោយរូបថតរបស់អ្នកចាក់ ព័ត៌មានស្តីពីអត្តសញ្ញាណអ្នកចាក់ ប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង។ បណ្ណនេះ ក៏មាន QR Code ដែលគេអាចស្កេន ដើម្បីបានទទួលព័ត៌មានរបស់អ្នកចាក់ថែមទៀតផង។

លើសពីនេះទៀត បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ ត្រូវបានចុះហត្ថលេខាដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។

បើទោះបីមានការចាប់អារម្មណ៍ទៅលើសោភ័ណភាព និងការរៀបចំនៅលើបណ្ណនេះក្តី ក៏មានការទោមនស្សមួយចំនួនពីអ្នកចាក់វ៉ាក់សាំង ដោយសារតែបណ្ណនេះមិនអាចផ្តល់ជូនពួកគេភ្លាមៗក្រោយពេលចាក់នោះឡើយ។ ការដែលមិនអាចផ្តល់ជូនភ្លាមៗនេះ ក៏ដោយសារបញ្ហាបច្ចេកទេសមួយចំនួន ជាពិសេសការរៀបចំទិន្នន័យរបស់ចាក់តែម្តង។

លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នៃនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ បានបញ្ជាក់ថា ការផលិតបណ្ណចាក់វ៉ាក់សាំងនេះ មាន៧ដំណាក់កាល រួមមាន៖ ការស្រង់ទិន្នន័យអ្នកចាក់វ៉ាក់សាំង មានថតរូប ថតទម្រង់ព័ត៌មានចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណ, បញ្ជូនទិន្នន័យទៅកន្លែងផ្ទុកទិន្នន័យ, បញ្ចូលទិន្នន័យអ្នកចាក់ទៅក្នុងប្រព័ន្ធ, ពិនិត្យ អនុម័ត និងស្នើសុំបោះពុម្ព, បោះពុម្ព, កាត់ រៀបចំកាត់ និងចែកចាយកាត។

លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងផលិតកាតនេះ មានចំនួនប្រមាណ ១,៧០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ក្រសួងការពារជាតិ បានឱ្យដឹងថា បណ្ណចាក់វ៉ាក់សាំងដែលត្រូវផលិតមានចំនួនប្រមាណ ២លាន ៧សែនបណ្ណ។ ក្រុមការងារផលិតបានរួចរាល់ប្រមាណ ១លាន ២សែន ហើយបានប្រគល់បណ្ណជូនប្រជាពលរដ្ឋបានប្រមាណ ៨០ម៉ឺននាក់រួចហើយ។ ជាមួយគ្នានេះ ទិន្នន័យអ្នកចាក់វ៉ាក់សាំងប្រមាណ ២លាន ២សែននាក់ បានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរួចរាល់ហើយ។ ទិន្នន័យអ្នកចាក់ដែលមិនទាន់បញ្ចូលមានប្រមាណជា ៥សែនទៀតប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអះអាងថា ការផលិតបណ្ណនេះ នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ៕