(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព អាវុធហត្ថ នគរបាល គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានហៅការប្រមូលទិញមៀនថា ជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រខាតបង់ធ្ងន់ធ្ងរពេក ហើយការទិញនេះ ក៏មិនបានប្រើថវិកាជាតិនោះដែរ។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទានដោយមិនគិតថ្លៃ»។
សម្តេចតេជោ បានបន្ថែមថា «នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ»។
សម្តេចតេជោ បានរំលឹកដល់នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវទិញពីកសិករ គឺសំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់។ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវិលទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែ ខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានណែនាំក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានប្រកាសប្រមូលទិញផ្លែមៀនពីកសិករនៅខេត្តជាប់ព្រំដែនថៃ ជាពិសេសខេត្តបាត់ដំបង និងប៉ៃលិន។
តាមការប៉ានប្រមាណផ្លែមៀនប្រជាកសិករដែលកំពុងជាប់គាំងមិនអាចលក់ចេញទៅទីផ្សារនោះ មានប្រមាណជា ៥ម៉ឺនតោន។ ក្រោយការប្រកាសប្រមូលទិញពីប្រជាពលរដ្ឋ បានធ្វើឱ្យអ្នកដាំដុះមៀនសម្តែងការសប្បាយចិត្តជាពន់ពេក៕