Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សកម្មជនកូរ៉េខាងត្បូង បង្ហោះខិតប័ណ្ណប្រឆាំងកូរ៉េខាងជើង ស្របពេលស្ថានការណ៍កំពុងតានតឹងខ្លាំង

28-03-2016 15:16

(សេអ៊ូល)៖ ស្របពេលស្ថានការណ៍ដ៏ផុយស្រួយដែលអាចកើតមានសង្គ្រាមគ្រប់ពេលវេលានោះ សកម្មជនកូរ៉េខាងត្បូងជាច្រើនអ្នក បានធ្វើការបង្ហោះខិតប័ណ្ណប្រឆាំងកូរ៉េខាងជើងឡើងវិញ នៅតំបន់ ព្រំដែនកូរ៉េខាងត្បូង ក្បែរកូរ៉េខាងជើង ដើម្បីរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលមានលោក គីម ជុងអ៊ុន ជាប្រមុខ។ នេះបើតាមការផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។

សកម្មជនកូរ៉េខាងត្បូង​ដែលជាក្រុមប្រមូលផ្តុំទៅដោយ អ្នកប្រឆាំងរបបផ្តាច់ការកូរ៉េខាងជើងនោះ បានរៀបចំខិតប័ណ្ណប្រមាណជា ១០០,០០០សន្លឹក ដាក់ច្រកចូលទៅក្នុងបាឡុង រួចបង្ហោះចូលទៅក្នុង ទឹកដីកូរ៉េខាងជើង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ស្ថិតនៅតាមតំបន់ព្រំដែនដែលកំពុងតែតានតឹងខ្លាំង បំផុតរវាងកូរ៉េទាំងពីរ។

អ្នកប្រឆាំងម្នាក់បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា ពាក្យស្លោកនៅក្នុងខិតប័ណ្ណនោះ មានអត្ថន័យសំខាន់ៗមួយចំនួនដូចជា «បាញ់អណ្តាតភ្លើងដ៏ឥតមេត្តាមួយនេះ ឲ្យចំមនុស្សអះអាង ខ្លួនឯងជាបុរសនុយក្លេអ៊ែរដូច គីម ជុងអ៊ុន» ឬក៏ «យើងចង់បានក្បាលរបស់ គីម ជុងអ៊ុន។»

គួរបញ្ជាក់ថា កម្តៅពាក្យសម្តីរបស់កូរ៉េខាងជើង ហាក់កាន់តែខ្លាំងឡើង បន្ទាប់ពីអាមេរិក និង កូរ៉េខាងត្បូង នៅតែមិនព្រមឈប់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ហើយកូរ៉េខាងជើងបានព្រមាន ថាខ្លួនបានត្រៀមគ្រាប់នុយក្លេអ៊ែរ និង មីស៊ីលរួចរាល់ហើយ ដើម្បីកម្ទេចទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោនឲ្យក្លាយជាផេះ នៅពេលណាក៏បាន៕