(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានឆ្លើយតបចំពោះប្រតិកម្មរបស់ លោក Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានប្រតិកម្មចំពោះការកាត់ទោស លោក រ៉ុង ឈុន លើករណីញុះញង់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានថ្លែងដូច្នេះថា៖ «ភាគីណាក៏ដោយដែលចង់ជួយ ដល់ជនជាប់ចោទនេះ គឺគួរចូលរួមក្នុងនីតិវិធីតុលាការ ហើយបង្ហាញសក្ខីកម្មឱ្យរឹងមាំមក កុំចេះតែចោទប្រកាន់ហើយអត់មានភស្តុតាង សក្ខីកម្មក្នុងការដោះបន្ទុក ហើយធ្វើការប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀតទៅ ដើម្បីការពារតាមផ្លូវច្បាប់»

ការឆ្លើយតបរបស់មន្រ្តីយុត្តិធម៌កម្ពុជា បានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតអាមេរិក ប្រតិកម្មចំពោះការកាត់ទោស លោក រ៉ុង ឈុន មេដឹកនាំសហជីពដែលមាននិន្នាការគាំទ្រអតីតគណបក្ស។ លោក Patrick Murphy បានលើកឡើងថា «ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃ នេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាព ក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេង សកម្មជនសន្តិភាព ទេ»

បើតាម លោក ជិន ម៉ាលីន, ការលើកឡើងរបស់លោក រ៉ុង ឈុន មិនបានផ្អែកទៅតាមទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ។ លោកថ្លែងថា «ករណីលោក រ៉ុង ឈុន មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ ដែលសមត្ថកិច្ចមានភស្តុតាង មូលដ្ឋានផ្លូវច្បាប់រឹងមាំ ក្នុងការដំណើរការតាមនីតិវិធីតាមផ្លូវតុលាការ ហើយសម្រេចផ្តន្ទាទោស ហើយការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងដំណើរការនីតិវិធីចំពោះបទល្មើស ក៏ដូចជាផ្តន្ទាជនល្មើស មិនមែនជាការរឹតត្បិត ឬគាបសង្កត់ទៅលើសិទ្ធិសេរីភាព ប៉ុន្តែវាជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការលើកតម្កើនសិទ្ធិសេរីភាព នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋទៅវិញទេ»

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីឆ្នាំមុន។ ក្រៅពីកាត់ទោសលោក រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀតដែលចូលរួមទាមទារឱ្យដោះលែងមេសហជីពនេះនោះគឺលោក តុល និមល និង កញ្ញា ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែផងដែរ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។

លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។

បន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលនូវសេចក្តីថ្លែងការណ៍របស់ លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់ សាធារណមតិជាតិ និងអន្តរជាតិ ចំពោះការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕