(ភ្នំពេញ)៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្រេចផែនការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ២០០០កេស ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានចាប់ផ្តើមកាលពីចុងខែកក្កដា ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
ក្រុមហ៊ុនបានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ចំនួន ៣០០កេស ជូនដល់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ មណ្ឌលសុខភាព ពញាពន់ និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្គ្រប់ផែនការបរិច្ចាគទឹកបរិសុទ្ធជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន២០។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ក្រុមហ៊ុនពិតជាអរគុណជាខ្លាំងដល់ក្រុមគ្រូពេទ្យដែលបានលះបង់យ៉ាងធំធេង ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋគ្រប់រូបពីការឆ្លងជំងឺកូវីដ-១៩ ហើយសង្ឃឹមថា ការបរិច្ចាគនេះ នឹងចូលរួមមួយផ្នែកជាមួយកងទ័ពអាវសរបស់យើង ក៏ដូចជាផ្តល់កម្លាំងចិត្តបន្ថែមដល់ពួកគាត់ផងដែរ»។
ក្រៅពីការបរិច្ចាគខាងលើ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នាពេលកន្លងមក បានបរិច្ចាគភេសជ្ជៈ និងទឹកបរិសុទ្ធជាច្រើនម៉ឺនកេស ជូនដល់ស្ថាប័នផ្សេងៗជាច្រើន។
ក្រុមហ៊ុននឹងបន្តបរិច្ចាគដល់មន្ទីរពេទ្យ និងស្ថាប័នផ្សេងទៀតនាពេលខាងមុខផងដែរ៕