(ភ្នំពេញ)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា អ្នកដាំមៀននៅកម្ពុជា អាចមានសង្ឃឹមជាថ្មី ក្នុងនាំចេញទៅថៃ បន្ទាប់ពីរដ្ឋាភិបាលចិន បានចសម្រេចនៅថ្ងៃនេះ ឱ្យក្រុមហ៊ុនថៃចំនួន៥៦ អាចនាំចូលមៀនទៅចិនបានឡើងវិញ។
លោក ហ៊ាន វណ្ណហន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «អ្នកដាំមៀននៅកម្ពុជា អាចមានសង្ឃឹមជាថ្មី បន្ទាប់ពីរដ្ឋាភិបាលចិន បានសម្រេចឡើងវិញក្នុងថ្ងៃនេះ ឱ្យក្រុមហ៊ុនថៃ៥៦ ក្រុមហ៊ុននាំចូលមៀនទៅប្រទេសចិន ដោយឆ្លងកាត់នីតិវិធីលាងសម្អាតដ៏ហ្មត់ចត់មួយ»។
នៅថ្ងៃនេះកាសែត The Nation របស់ថៃបានចុះផ្សាយថា ប្រទេសចិនបានយល់ព្រមទិញផ្លែមៀន ពីក្រុមហ៊ុននាំចេញថៃ ចំនួន៥៦ ដោយផ្តល់ឲ្យពួកគេអនុវត្ត តាមនីតិវិធីកំណត់លើការសម្អាតផ្លែឈើ។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្មថៃលោកស្រី Mananya Thaiset បានថ្លែងអំណរគុណចិន សម្រាប់ការសម្រេចចិត្តនេះ និងសង្ឃឹមថា ក្រុមហ៊ុននាំចេញរបស់ថៃ នឹងបង្កើននីតិវិធី ស្របតាមតម្រូវការរបស់ចិន។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋអ្នកដាំមៀននៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានបង្ហាញនូវក្តីព្រួយបារម្ភ ចំពោះការខាតបង់របស់ពួកគាត់ ដោយសារមៀនដល់ពេលប្រមូលផល ស្រាប់តែមិនអាចនាំចេញទៅប្រទេសថៃបាន ខណៈប្រទេសថៃ ដែលធ្លាប់នាំមៀនទៅទីផ្សារចិនជួបបញ្ហា ដោយសារមានជាប់នៅលើផ្លែមៀននូវចៃម្សៅ ឬហៅថាក្រាម្សៅ។
សហគមន៍មៀនប៉ៃលិនបានអះអាងថា សមាជិករបស់ខ្លួន មាននៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ មានទិន្នផលមៀនប៉ៃលិន ដែលត្រូវប្រមូលផលចំនួន ៥ម៉ឺនតោន។
បន្ទាប់ពីទទួលបានដំណឹងអំពីការលំបាករបស់ប្រជាកសិករដាំមៀននេះ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។
សម្រាប់បងប្អូនប្រជាកសិករដែលមានផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទំនាក់ទំនងមកក្រុមការងារ របស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ នៅតារាងបាល់ទាត់ខេត្តបាត់ដំបង ជិតសាលាភូមិភាគ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖
*ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
*ទី២៖ លោក ស៊ុន ម៉េងហៃ ជំនួយការផ្ទាល់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទូរស័ព្ទលេខ៖ 088 903 7777។